ព័ត៌មានជាតិ

នាំខ្លួនម្ចាស់ឃ្លាំងសាច់បង្កកមួយកន្លែង នៅខណ្ឌមានជ័យ ទៅសួរនាំក្រោយរកឃើញទំនិញបកស្លាកសញ្ញាជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ

ភ្នំពេញ៖ ម្ចាស់ឃ្លាំងស្តុក និងបង្កកសាច់ម្នាក់ ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួន និងបញ្ជូនទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយពីកម្លាំងចម្រុះបានរកឃើញទំនិញមិនប្រក្រតីជាច្រើន រួមមានប្រហិតមានអក្សរថៃ និងទំនិញបកស្លាកសញ្ញាចេញជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដោយមានកិច្ចសហការពី លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលផ្នែកច្បាប់ពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

ទីតាំងឃ្លាំងស្តុក និងបង្កកសាច់ទាំង ២កន្លែងដែលត្រូវបានចុះឆែកឆេរនេះ ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ព្រមទាំងពិនិត្យលើប្រភព និងគុណភាពផលិតផលសាច់ដែលរក្សាទុកក្នុងឃ្លាំង ដើម្បីធានាការពារសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។

លោកអភិបាលខណ្ឌបានបន្តទៀតថា ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថា មានទំនិញមួយចំនួនត្រូវបាននាំចូលពីបណ្តាប្រទេសនានាយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារក៏បានរកឃើញចំណុចសង្ស័យ និងមិនប្រក្រតីមួយចំនួន រួមមាន៖ ប្រហិតមួយកញ្ចប់ធំ ដែលមានសរសេរអក្សរថៃ សង្ស័យនាំចូលពីប្រទេសថៃដោយគ្មានការអនុញ្ញាត។
ទំនិញសាច់បង្កកជាង ២០០កេស ដែលត្រូវបានគេបកស្លាកសញ្ញាចោល មិនដឹងប្រភពច្បាស់លាស់។

ដោយសារតែរកឃើញភាពមិនប្រក្រតីទាំងនេះ តំណាងអយ្យការបានសម្រេចឱ្យកម្លាំងសមត្ថកិច្ច នាំខ្លួនម្ចាស់ឃ្លាំងខាងលើ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

To Top