Feature

តម្លៃប្រេងបានធ្លាក់ចុះ៤ភាគរយ បន្ទាប់អាមេរិក និងអ៊ីរ៉ង់ នឹងឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងបន្តចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស

បរទេស៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនាមក បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្គ្រាម និងបន្តចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 3.58 ដុល្លារ ឬ 4.10% មកនៅត្រឹម 83.75 ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ U.S. West Texas Intermediate មានតម្លៃ 80.87 ដុល្លារ ធ្លាក់ចុះ 4.01 ដុល្លារ ឬ 4.72%។ ប្រេងទាំងពីរបានធ្លាក់ចុះជាង 3% នៅថ្ងៃសុក្រ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅប្រទេសស្វីសនៅថ្ងៃសុក្រ នេះបើយោងតាមនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបានបម្រើការជាអ្នកសម្របសម្រួល។ លោក ត្រាំ បាននិយាយនៅថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូស នឹងបើក “ដោយសេរី” ហើយការបិទផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៊ីរ៉ង់ក៏នឹងបញ្ចប់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានផ្សាយថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃក្រោមការរៀបចំរបស់អ៊ីរ៉ង់។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅ KCM Trade បាននិយាយថា “បុព្វលាភហានិភ័យភូមិសាស្ត្រនយោបាយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រេងឆៅឥឡូវនេះកំពុងត្រូវបានបន្ធូរបន្ថយយ៉ាងខ្លាំង ខណៈដែលពាណិជ្ជករកំណត់តម្លៃលើការរំពឹងទុកនៃលំហូរប្រេងដែលបានស្តារឡើងវិញ”។

ប្រែសម្រួលៈ ណៃ តុលា

To Top