រដ្ឋមន្ដ្រីអប់រំ ណែនាំឱ្យពិនិត្យ និងវិភាគការប្រែប្រួលក្របខណ្ឌ និងវិភាគគម្លាត របស់គ្រូបង្រៀនតាមតំបន់
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យពិនិត្យ និងវិភាគការប្រែប្រួលក្របខណ្ឌ និងវិភាគគម្លាតរបស់គ្រូបង្រៀនតាមតំបន់ ដើម្បីកំណត់គោលការណ៍ច្បាស់លាស់ ក្នុងការប្រើប្រាស់គ្រូកិច្ចសន្យា។

ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី «ការពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងការអនុវត្តការផ្ទេរមុខងារវិស័យអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
គ្រូជាប់កិច្ចសន្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតគ្រូបង្រៀនក្របខណ្ឌ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល តំបន់ជួបការលំបាក និងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីធានានិរន្តរភាពនៃការរៀន ការបង្រៀន និងលើកកម្ពស់សមធម៌ក្នុងការទទួលបានការអប់រំ។
លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនជូនក្រុមការងារជំនាញ ដោយសង្កត់ធ្ងន់លើការបន្តកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រូបង្រៀនឱ្យបានច្បាស់លាស់ (ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបែងចែកគ្រូទៅតាមតម្រូវការជាក់ស្ដែងរបស់សាលារៀន។
ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តវិធានការឆ្លើយតបនឹងតម្រូវការគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល ព្រមទាំងយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ និងការបណ្ដុះបណ្ដាលគ្រូជាប់កិច្ចសន្យាមុនចេញអនុវត្តការបង្រៀនតាមសាលារៀន ដើម្បីធានាបាននូវគុណភាពនៃការបង្រៀន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពិនិត្យ និងវិភាគការប្រែប្រួលក្របខណ្ឌ និងវិភាគគម្លាតរបស់គ្រូបង្រៀនតាមតំបន់ ដើម្បីកំណត់គោលការណ៍ច្បាស់លាស់ក្នុងការប្រើប្រាស់គ្រូកិច្ចសន្យា។ បន្ថែមពីនេះ ត្រូវរៀបចំជាគោលនយោបាយរួមសម្រាប់គ្រូបង្រៀនទាំងគ្រូកិច្ចសន្យា និងគ្រូក្របខណ្ឌ ដោយត្រូវបញ្ជាក់ឱ្យច្បាស់ពីលក្ខណៈសម្បត្តិគ្រូបង្រៀន ហើយបន្ថែមពីលើគុណវុឌ្ឍិ គឺត្រូវចេះវិធីសាស្ត្របង្រៀន (កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង) និងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំ៕










