សម្ដេចធិបតី ៖ ដរាបណាមិនស៊ីញ៉េទទួលស្គាល់ ទឹកដីកម្ពុជា ដែលយោធាថៃ កាន់កាប់ខុសច្បាប់ នៅតែជារបស់កម្ពុជា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ដរាបណាកម្ពុជា មិនចុះហត្ថលេខាទទួលស្គាល់ ទឹកដីកម្ពុជាដែលយោធាថៃ កាន់កាប់ដោយខុសច្បាប់ នៅតែជារបស់កម្ពុជា ដោយស្របច្បាប់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា កំពុងបន្តច្បាំង តាមផ្នែកការទូត ដើម្បីទាមទារមកវិញនូវទឹកដីកម្ពុជា ដែលយោធាថៃ កំពុងកាន់កាប់ បណ្ដោះអាសន្ន ដោយខុសច្បាប់ ។
សម្ដេចធិបតីបញ្ជាក់ថា “ឥឡូវយើងនៅបន្តច្បាំង តែច្បាំងតាមរយៈការទូត តាមផ្លូវច្បាប់ ដើម្បីទាមទារមកវិញ ដែលថាអ្នកខ្លះថា បាត់ៗហើយ គ្មានទេ អត់ទេ ដរាបណាយើងមិនស៊ីញ៉េទទួលស្គាល់ព្រមកាត់ឱ្យគេ នៅតែជាភាពស្របច្បាប់របស់យើង។ យើងនៅតែបន្តប្រើច្បាប់ កាទូតទាមទារត្រឡប់មកវិញ” ។
សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា ទីតាំងមួយចំនួនដែលកងទ័ពថៃកំពុងឈរជើងលើដីកម្ពុជានោះ គ្រាន់តែជាការឈរជើងបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្ដែថៃមិនមែនជាម្ចាស់កម្មសិទ្ធិនៃទីតាំងទាំងនោះឡើយ ។
សម្ដេចធិបតីបញ្ជាក់ទៀតថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់កម្លាំងដើម្បីយកទឹកដី ។ សម្តេចថា នេះជាជំហររបស់កម្ពុជា ព្រោះសកម្មភាពនេះ ខុសពីច្បាប់អន្តរជាតិ។
សម្ដេចនាយករដ្ឋមន្រ្តីបន្តថា កម្ពុជានៅរក្សាសិទ្ធិប្រើប្រាស់គ្រប់ មធ្យោបាយដើម្បីយកទឹកដី ស្របច្បាប់របស់កម្ពុជាត្រឡប់មកវិញ ហើយក្នុងអាទិភាពចំពោះមុខ ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ កិច្ចព្រមព្រៀងដែលមានស្រាប់ និងការទូត ដើម្បីបញ្ចៀសការបង្ហូឈាមគ្នា៕
