ព័ត៌មានជាតិ

សម្តេចធិបតី ចង់ឱ្យជនភៀសសឹក មានលទ្ធភាព ត្រឡប់ទៅដីស្របច្បាប់

ភ្នំពេញ ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការមិនសប្បាយចិត្តទាល់តែសោះ ដែលប្រជាពលរដ្ឋខ្មែរ ជាជនភៀសជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅឋានរៀងៗខ្លួន ហើយចង់ឱ្យទៅផ្ទះរបស់ពួកគាត់ដោយស្របច្បាប់វិញ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នៅតែជំរុញឱ្យគណៈកម្មាធិការព្រំដែនទូទៅ GBCរបស់ប្រទេសកម្ពុជា-ថៃ ចុះវាស់វែងបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីឱ្យជនភៀសសឹកកម្ពុជានៅសល់ជាង២ម៉ឺននាក់ត្រឡប់ទៅលំនៅឋានវិញ ។
សម្តេចធិបតីមានប្រសាសន៍ថា “ស្អីក៏ដោយចង់បានលឿន ចង់បានឆាប់ដើម្បីឱ្យប្រជាពលរដ្ឋយើងជាង២ម៉ឺននាក់ត្រឡប់ទៅវិញ រដ្ឋាភិបាលចង់ចឹង ។ យើងអត់សប្បាយចិត្តទេ ទោះបីជាយើងអាចមានលទ្ធភាពដោះស្រាយធ្វើផ្ទះ៤ទៅ៥ពាន់ខ្នងទៅឱ្យប្រជាពលរដ្ឋផ្តល់ជីវភាពថ្មីឱ្យគាត់ក៏ដោយ តែយើងអត់សប្បាយចិត្តទេ យើងចង់ឱ្យប្រជាពលរដ្ឋមានលទ្ធភាពត្រឡប់ទៅកន្លែងដីស្របច្បាប់”។

សម្ដេចធិបតីក៏បានបញ្ជាក់ថា បើគ្មានការឯកភាពគ្នាទេ គឺវាយគ្នាមិនចេះចប់នោះទេ ។
សម្ដេចធិបតីមានប្រសាសន៍ទៀតថា អភិក្រមរបស់រាជរដ្ឋាភិបាល គឺការជួយជីវិតប្រជាពលរដ្ឋជាអាទិភាពមុនគេបង្អស់ ។ ដោយបញ្ហាទឹកដីត្រូវតែដោះស្រាយ តាមរយៈជ្រើសរើសវិធីដែលមិនធ្វើឱ្យប្រជាពលរដ្ឋស្លាប់និងរងរបួស ស្របទៅតាមសន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់ ៕

To Top