នយោបាយ

លោក សុខ ឥសាន៖ សភាអនុម័តសន្ធិសញ្ញា បំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម ជាការធានារក្សា ដីស្រែកសិករខ្មែរ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រដ្ឋសភាកម្ពុជាបានអនុម័តលើ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម គឺជាការធានារក្សាដីស្រែរបស់ប្រជាកសិករខ្មែរនៅតាមព្រំដែន ។

លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនឆ្នាំ២០១៩ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ដោយសំឡេង១១០/១២៥ ដោយគ្មានឧបស្គណាមករារាំងបានឡើយ  ។ 

លោកថា “ការអនុម័តលើសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០១៩នេះ គឺជាការធានារក្សាដីស្រែរបស់ ប្រជាកសិករខ្មែរនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនដែល ពួកអគតិឃោសនាមួលបង្កាច់ថា បានបាត់បង់ដោយការបោះបង្គោលព្រំដែន” ។ 

លោកបញ្ជាក់ថា កង់ប្រវត្តិសាស្ត្រកម្ពុជា បានវិលទៅមុខរហូតជានិច្ច មិនអាចមានអានុភាពប្រតិកិរិយាណា មករារាំងបានជាដាច់ខាត  ។

ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ វិច្ឆិកា បានអនុម័តលើសេចក្តីព្រាងច្បាប់សន្ធិសញ្ញា បំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាមជាឯកច្ឆ័ន្ទ គ្មានការកែប្រែដោយសំឡេងគាំទ្រទាំង១១០រូប ។

ពាក់ព័ន្ធសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ កម្ពុជា-វៀតណាមនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ក៏បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងស្ថានភាពនយោបាយដែល ប្រទេសនៅមិនទាន់មានឯកភាពជាតិ និងក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភាពុំគួរផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែនឡើយ ៕

To Top