នយោបាយ

មេធាវីកំពុង រកដំណោះស្រាយ ការពារ លោកកឹម សុខា ក្រោយបញ្ជូន សំណុំរឿងទៅជំនុំជម្រះ

ភ្នំពេញ ៖ លោកស្រី ម៉េង សុធារី ដែលមេធាវី ការពារក្ដីលោក កឹម សុខាម្នាក់ ក្នុងចំណោម៤នាក់ បានថ្លែងអះអាងថា ក្រុមមេធាវីកំពុងតែរកនីតិវិធីបន្ត ក្នុងការដោះស្រាយ ការពារកូនក្ដីរបស់ខ្លួន ។

ក្រោយពីបានរកឃើញភស្តុតាង ដាក់បន្ទុកគ្រប់គ្រាន់ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចបិទបញ្ចប់ ការស៊ើបសួរសំណុំរឿងក្បត់ជាតិ ជនត្រូវចោទឈ្មោះ កឹម សុខា និងបញ្ជួនទៅតុលាការដើម្បីជំនុំជម្រះ ។

លោកស្រី ម៉េង សុធារី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នឹងឆ្លៀតឱកាសដើម្បីទៅលោក កឹម សុខា នៅល្ងាចថ្ងៃ៣ ធ្នូ ដើម្បីពិភាក្សាអំពីការបញ្ជូនសំណុំរឿង លោកទៅជំនុំជម្រះបន្ត ។

លោកស្រីបញ្ជាក់ថា “ឥឡូវនេះ យើងមិនទាន់បានជួបក្ដីទេ ចាំពួកខ្ញុំនឹងឆ្លៀតពេលថ្ងៃហ្នឹង ទៅជួបគាត់សិន ហើយថាតើ យើងត្រូវធ្វើនីតិវិធីអ្វីបន្តទៀត ឬមួយក៏យ៉ាងណា” ។

សូមបញ្ជាក់ថា មុនបញ្ជូនករណីលោក កឹម សុខា ជំនុំជម្រះនេះ ក្រុមមេធាវីក៏បានស្នើសុំឲ្យមានការទំលាក់បទចោទប្រកាន់នានាមកលើកូនក្តីខ្លួន ព្រោះពួកគេអះអាងថា លោក កឹម សុខា គ្មានទោសកំហុសអ្វីឡើយ។

លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃបុណ្យអុំទូកទី១ ក្រោយការដោះលែងលោកបានជួបអង្គទូតជាបន្តបន្ទាប់ ៕ ដោយ៖ធី លីថូ

To Top
×