នយោបាយ

គ ប ម ៖ សន្ដិភាព នឹងផុយស្រួយ បើមិនយកចិត្តទុកដាក់

គ្នំពេញ ៖ លោក សាម អ៊ីន អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានថ្លែងថា សន្តិភាពនឹងផុយស្រួយ បើមិនយកចិត្តទុកដាក់លើកត្តា៣យ៉ាងគឺ ការរីកលូតលាស់សេដ្ឋកិច្ច , ការកសាងប្រព័ន្ធយុត្តិធម៌ និងការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អ ។

អគ្គលេខាធិការ គ ប ម ថ្លែងបែបនេះក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ ក្នុងសារហ្វេសប៊ុក នាពេលថ្មីៗនេះថា “ឆ្នាំថ្មីនេះ យើងគួរមានចលនាមួយគ្របដណ្ដប់ទូទាំងប្រទេសតែម្ដង ហើយខ្លឹមសារហ្នឹងគ្មានប្រឆាំងជាមួយអ្នកណាទេ គឺប្រើពាក្យថា អរគុណសន្ដិភាព” ។

លោក សាម អ៊ីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ថា “ខ្ញុំយល់ថា មនុស្សភាគច្រើនដឹងដូច នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចហ៊ុន សែន ដែរថា សន្តិភាពវាសំខាន់ ហើយការកសាងសន្តិភាព ចេញពីសង្រ្គាមវាលំបាក” ។

លោកបន្ដថា “ក៏ប៉ុន្តែ សន្តិភាពនឹងនៅតែផុយស្រួយ បើយើងមិនយកចិត្តទុកដាក់លើរឿងចម្បង៣ទៀត រួមមាន ៖ ការរីកលូតលាស់សេដ្ឋកិច្ចដែលមានសមធម៌ , ការកសាងប្រព័ន្ធយុត្តិធម៌មួយដែលមហាជនអាចជឿជាក់បាន និងការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អជាមួយការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ច្បាស់លាស់” ។

ជាងនេះទៅទៀត អគ្គលេខាធិការ គ ប ម បានបញ្ជាក់ថា បើសង្គមកម្ពុជារៀបចំកត្តាទាំង៣នេះបន្ថែមទៀតមិនបានទេ កម្ពុជានឹងបន្តមានសន្តិភាពមួយដែលសេចក្តីភ័យខ្លាចតាមលងជាប់ជានិច្ច ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×