នយោបាយ

UN ចាត់ទុក សវនាការ រឿងក្តី លោក កឹម សុខា មិនមានគុណភាព និងមិនអាចទទួលយកបានឡើយ

ភ្នំពេញ ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានសម្តែងកង្វល់អំពីការជំនុំជម្រះក្តី “បទក្បត់ជាតិ” ដែលបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា ដោយក្រុមអ្នកជំនាញថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់ រហូតដល់ ការជំនុំជម្រះក្តី គ្របដណ្តប់ដោយភាពមិនប្រក្រតី។

យោងតាម សេចក្ដីប្រកាស មានព័ត៌មាន ដែល មជ្ឈមណ្ឌល ព័ត៌មាន ដេីមអម្ពិល ទទួលបាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ ក្រុមអ្នកជំនាញ UN មានប្រសាសន៍ថា “យើង មានហេតុផលរឹងមាំអាចជឿថា ការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ ហើយការចោទប្រកាន់នេះ វាក៏ជាផ្នែកនៃលំនាំមួយកាន់តែធំជាងនេះនៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដើម្បីដាក់គោលដៅទៅលើគូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល”។

លោក សុខា ត្រូវបានចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស (ក្បត់ជាតិ) ទាក់ទងនឹងសុន្ទរកថាមួយដែលលោកបានថ្លែងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៣ ដែលត្រូវបានចាក់ផ្សាយដោយបណ្តាញផ្សព្វផ្សាយកម្ពុជា (ស៊ីប៊ីអិន)។ ប្រសិនជាលោកត្រូវបានផ្តន្ទាទោសមែននោះ លោក កឹម សុខា ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ។

បន្ទាប់ពីការចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានបដិសេធពាក្យសុំនៅក្រៅឃុំ និងត្រូវឃុំខ្លួន
បណ្តោះអាសន្នរហូតដល់មានការដោះលែងដោយមានលក្ខខណ្ឌពីការឃុំខ្លួនក្នុងផ្ទះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុខា ត្រូវបានដោះលែងដោយមានលក្ខខណ្ឌពីការឃុំខ្លួនក្នុងផ្ទះ។

លោក កឹម សុខា ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាព នយោបាយ។ ក្នុងមតិដែលបានសម្រេចក្នុងឆ្នាំ២០១៨ ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាន បានរកឃើញថាការឃុំខ្លួនបណ្តោះអាសន្នរបស់លោក កឹមសុខា គឺធ្វើឡើងដោយបំពាន។

ក្រុមអ្នកជំនាញ UN បានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មន្រ្តីជាន់ខ្ពស់មួយចំនួន ទាក់ទងនឹងករណីរបស់ លោក សុខា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់ក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ និងអាចជះឥទ្ធិពលដល់លទ្ធផលនៃការជំនុំជម្រះរបស់លោក។ កង្វះការចូលរួមរបស់សាធារណៈជននៅបន្ទប់សវនាការ ដែលត្រូវបានអនុញ្ញាតិជាពិសេស សម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរអំពីភាពត្រឹមត្រូវនៃការជំនុំជម្រះក្តីរបស់លោកផងដែរ។

ក្រុមអ្នកជំនាញ អំពាវនាវដល់អាជ្ញាធរធានាឲ្យមានយុត្តិធម៌សម្រាប់លោក សុខា ដកចេញជាបន្ទាន់នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរិតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកឡើងវិញ និង ធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត៕

ដោយ អេង ប៊ូឆេង

To Top