នយោបាយ

ស្វីសផ្តោតសំខាន់លើសុខភាព និងដំណើរការជំនុំជម្រះក្តី លោក កឹម សុខា

ភ្នំពេញ ៖ ក្នុងនាមរដ្ឋាភិបាលប្រទេសស្វីស លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ បានផ្តោតជាសំខាន់ ទៅលើបញ្ហាសុខភាព និងដំណើរការជំនុំជម្រះក្តីលោក កឹម សុខា។ នេះបើតាមការឲ្យដឹងពីលោក មុត ចន្ថា នាយកខុទ្ទកាល័យ លោក កឹម សុខា ក្រោយបញ្ចប់ជំនួប រវាងលោកស្រី Helene Budliger Artieda និងលោក កឹម សុខា នៅរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

លោក មុត ចន្ថា លើកឡើងថា “លោកជំទាវឯកអគ្គរដ្ឋទូតផ្តោតសំខាន់ លើបញ្ហាបញ្ហាសុខភាព ដែលជាគោលការណ៍មនុស្សធម៌ របស់រដ្ឋាភិបាលស្វីស និងដំណើរការជំនុំជម្រះក្តី របស់លោកប្រធាន កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ” ។

សូមបញ្ជាក់ថា សវនាការជំនុំជម្រះក្តី លោក កឹម សុខា នឹងធ្វើឡើងរយៈពេល៣ខែ ក្រោយការចាប់ផ្តើមជាសាធារណៈជាលើកទី១ កាលពីថ្ងៃ១៥-១៦មករាកន្លងមកនេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top