នយោបាយ

លិខិតមិត្តអ្នកអាន៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?»

ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាក សួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរ ចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រី បានធ្វើឲ្យពលរដ្ឋខ្មែរទូទៅ មានការកោតសរសើរជាពន់ពេក ចំពោះទឹកចិត្តរបស់មេដឹកនាំរូប នេះដែលសុខចិត្តធ្វើដំណើរ ទៅកាន់ទីក្រុងវូហាន ដែលគ្រប់គ្នាខ្លាចរអារ។

ការប្រកាសទៅកាន់ទីក្រុងវូហាន របស់លោក ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វី និយាយឌឺដងតទៅទៀតណាស់ ពីព្រោះពួកគេ ធ្លាប់តែមានមេដឹកនាំដ៏មហាកំសាក មិនដែលហ៊ានប្រឈមមុខ សូម្បីរឿងរ៉ាវបន្តិចបន្តួច ក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯង ដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៍បានកាន់តែភ្លឺភ្នែក ដោយបានឃើញសេចក្តីក្លាហាននិងការ ទទួលខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះ ពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី»របស់ពួកគេ។

នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារ ហើយផ្សងស្លាប់ចូលទៅទឹកដី វៀតណាមដោយយក ជីវិតធ្វើដើមទុនដើម្បីរិះរក វិធីរំដោះពលរដ្ឋខ្មែរឲ្យរួច ពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូប នេះ ក៍ធ្លាប់បានឆ្លងកាត់ សមរភូមិប្រយុទ្ធដោយផ្ទាល់ចំនួន ១០៥ សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះ ក៏បានបន្តផ្សងជីវិតម្តងទៀត ចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហម ដោយយកជីវិតរបស់ខ្លួន ទៅប្តូរជាមួយសុខសន្តិភាព។ ហើយជាលទ្ធផល នយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដែលមិនធ្លាប់មាន ក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខកូនចៅ ជនរួមជាតិរបស់ខ្លួន គឺជារឿងតូចតាច ណាស់សម្រាប់លោក ហ៊ុន សែន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជា រឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។

មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិច ដើម្បីស្វែងយល់អំពីការ សម្រេចចិត្តមិនលុបចោល ជើងហោះហើរពីប្រទេសចិន និងមិនជម្លៀសពលរដ្ឋខ្លួន ចេញពីក្រុងវូហាន ដែលលោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៣០ មករា។ មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយម ដែលមិនស្គាល់អ្វីជាប្រយោជន៍ជាតិ, អ្វីជាគុណធម៌ និងអ្វីជា នយោបាយការបរទេសបែបវ័យឆ្លាត, ពួកគេបែរជានាំគ្នាចំអកឡកឡឺយ និងរិះគន់ឌឺដងវាយប្រហារតាម ទម្លាប់អាក្រក់របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រីយក សេដ្ឋកិច្ចជាតិធំជាងជីវិត មនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។

ទោះបីជាគ្មានអ្នកណា អាចយល់ចិត្តបុរសខ្លាំងរូប នេះទាំងស្រុងបានក៏ដោយ ប៉ុន្តែ ក្នុងនាមអ្នកតាមដាន នយោបាយតុកាហ្វេ ជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរ នូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃ របស់លោក ហ៊ុន សែន។ ជាធម្មតា លោក ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោយយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ»ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។ តើអ្វីជាគោលគំនិត នៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការ យល់ឃើញរបស់ខ្ញុំដូចតទៅនេះ ៖

ទី១.រឿងការប្រកាសមិន បិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុល ដែលចាំតែរិះគន់វាយប្រហារ ច្បាស់ជាមើលមិនឃើញចំណុច ពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរមិនបាន យកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរ ពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជា មាន ការចាំបាច់ដែរឬទេ ដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្ត ហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈ ដែលចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះ សម្រាប់ស្វែងយល់ពីការសម្រេចចិត្ត របស់លោក ហ៊ុន សែន ក្នុងនាម ជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍។ ដូច្នេះ ការសម្រេចចិត្ត មិនប្រកាសបិទជារឿងល្អបំផុត ហើយពីព្រោះ ទោះជាប្រកាសក៏ដូចមិន ប្រកាសដែរព្រោះជើងហោះហើរ ពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេ ដោយសារភាគី ចិនបានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នាគឺនៅត្រង់ថា ការមិន ប្រកាសបិទគឺអាចរក្សា សារបាន នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជា មួយចិនដែលជាមិត្តល្អរបស់កម្ពុជា។ នេះជា ចំណុចគន្លឹះដ៏សំខាន់មួយទៀត ក្នុងទំនាក់ទំនងការបរទេស។

ទី២.មកដល់ត្រង់នេះ គេ ពិតជាបានឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃ ដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀតដែលខ្ញុំកត់សម្គាល់គឺ លោក ហ៊ុន សែន មិនមែនជាអ្នក នយោបាយប្រជាភិថុតិ ដូចអ្នកនយោបាយ នៃក្រុមប្រឆាំងទាំងឡាយនោះឡើយ។ មិនប្រជាភិថុតិ ពីព្រោះក្នុងនាមអ្នកដឹកនាំ លោកនាយករដ្ឋមន្ត្រី ត្រូវគិតដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះ លោកត្រូវធ្វើការ សម្រេចចិត្តមួយដែលអ្នក មិនយល់សភាពការណ៍ អាចមើលឃើញដោយភាន់ច្រឡំថា លោកហាក់ មិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែ នៅពីក្រោយការសម្រេច នោះ គឺជាផលចំណេញ សម្រាប់ជាតិនិងប្រជាជន ដ៏ធំធេង។ មិនខុសអ្វីពី ទឹកចិត្តឪពុកម្តាយដែល ពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែក ដោយសារតែសេចក្តី សម្រេចមួយ ដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះ គឺដើម្បីតែ សេចក្តីសុខរបស់កូនទាំងស្រុង។ ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុមប្រឆាំងវិញ ច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុត ដូចជាស្រឡាញ់ពលរដ្ឋណាស់ ស្រឡាញ់ជាតិណាស់ ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជាតិ ដ៏ធំធេងនឹងបាត់បង់តាមក្រោយ។

យ៉ាងណាមិញ ការប្រកាសបិទជើងហោះ ហើរពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់ សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប៉ុន្តែ ការបន្លាច ឬការបិទខ្ទប់ទេសចរ មិនឲ្យចូលស្រុក ក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្ម របស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ី ក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើ សេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦ លាន នាក់នៅទូទាំងប្រទេសនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
រីឯទំនាក់ទំនងកម្ពុជា ចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែ មិនប្រើនយោបាយប្រជាភិថុតិ លោក ហ៊ុន សែន ក៏ជា មេដឹកនាំដ៏ឆ្លាតវៃមួយរូប ដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ ក្នុងប្រទេសនិងក្រៅប្រទេស។

លោកហ៊ុន សែន ក៏ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្ត មិនជម្លៀសពលរដ្ឋខ្មែរ ចេញពីក្រុងវូហាន លោកនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខ
ទុក្ខនិស្សិតនិងពលរដ្ឋខ្មែរ ដល់ក្រុងវូហានតែម្តងដើម្បីបង្ហាញថា លោក មិនមែនជាមេដឹកនាំ ដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯង ដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើដែលកម្រមានអ្នកណាអាចធ្វើបាន។

សរុបមកវិញ នៅពីក្រោយការ សម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមាន
បង្កប់ដោយផលប្រយោជន៍ សម្រាប់ជាតិនិងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរបស់លោក ហ៊ុន សែន ដែលធ្វើឲ្យគាត់ ប្រយុទ្ធ ១០០ ដង ឈ្នះ១០០ ដង និងអាចឈរជើង
ធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង៣៥ ឆ្នាំ យ៉ាងរឹងមាំហើយនិងបន្តតំណែងនេះយូរតទៅ ទៀត។

ចំណែកឯគូរប្រជែងនយោបាយ ដែលចង់ផ្តួលលោក ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជោនិយម ប្រជាភិថុត បដិវត្តន៍ពណ៌ និងដុតអោយខ្លោចរោជអោយឆៅ ដូចក្នុងករណីមេរោគកូរូណាជាដើមនេះ ទីបំផុត លទ្ធផលដែលពួកគេទទួលបានគឺ អ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀត ទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗ ដូចចង្កៀងអស់ប្រេងហៀបនឹងរលុត៕

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ

To Top