នយោបាយ

មេធាវី លោកកឹម សុខា ៖ មកដល់ពេលនេះ តុលាការមិនទាន់ចោទប្រកាន់ភ្នាក់ងារ ឬរដ្ឋបរទេស និងហៅជនបរទេសធ្វើសាក្សី

ភ្នំពេញ ៖ លោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថា រហូតមកដល់សប្តាហ៍ទី៤ នៃដំណើរការសវនាការលោក កឹម សុខា តុលាការមិនទាន់ចោទប្រកាន់ ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេស ក្នុងក្របខណ្ឌជាសហចារី ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិនៅឡើយទេ។

ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកមេធាវី បានប្រាប់អ្នកសារព័ត៌មានថា ទាំងទ្រឹស្តី និងការអនុវត្តដោយផ្ទាល់ របស់លោកកឹម សុខា អត់មានអ្វីក្រៅពីការចូលរួមបោះឆ្នោតទេ ។

លោកថា មកដល់សប្តាហ៍ទីនេះ អត់ទាន់បានឃើញតុលាការ សួរដេញដោលគ្នារឿងអង្គហេតុ នៃអំពើស្តែងចេញរបស់លោក កឹម សុខា ឃុបឃិតជាសំងាត់ ជាមួយបរទេសទេ ។

លោកចាន់ ចេន បញ្ជាក់ថា “ចំពោះបទចោទថា កូនក្តីខ្ញុំឃុបឃិតជាមួយបរទេស ក៏ប៉ុន្តែរហូតមកទល់ពេលនេះ យើងក៏អត់ទាន់ឃើញតុលាការ ធ្វើការចោទប្រកាន់ទៅលើភ្នាក់ងារបរទេស ឬក៏រដ្ឋបរទេស ឬក៏កោះហៅជនបរទេស ក្នុងក្របខណ្ឌជាសហចារី ជនផ្សំគំនិត ឬក៏សាក្សី នៅឡើយផងដែរទេ” ។

លោកមេធាវីនៅតែបញ្ជាក់ ពីភាពស្អាតស្អំរបស់លោកកឹម សុខា ថា លោកមិនបានធ្វើបដិវត្តន៍ពណ៌ទេ តាំងពីអតីតកាលមក។ ហើយថាក្នុងមួយជីវិតនេះ គឺលោក កឹម សុខា មិនរណបបរទេសឡើយ ៕

To Top