នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ភាគីពាក់ព័ន្ធ បន្ដដោះស្រាយ ភាពចង្អៀតណែន ក្នុងពន្ធនាគារ ទោះបីកម្ពុជា ជួបប្រទះ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា សព្វថ្ងៃនេះកម្ពុជា កំពុងជួបប្រទះជំងឺ កូវីដ-១៩ ទោះបីយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធ បាន បន្ដដោះស្រាយការកកស្ទះ និងភាពចង្អៀតណែន ក្នុងពន្ធនាគារ ខណៈបណ្ដាប្រទេសមួយ បានដោះលែងអ្នកលែងទោស ដោយសារបញ្ហា កូវីដ-១៩។

ក្នុងកិច្ចប្រជុំអន្តរ ក្រសួងពិភាក្សា ដោះស្រាយបញ្ហាចង្អៀតណែន ក្នុងពន្ធនាគារ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានឲ្យដឹងថា តាមសំណើរបស់ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះ ស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។

សម្ដេច មានប្រសាសន៍ថា «តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន»។

នាឱកាសនោះដែរ លោក កើត រិទ្ធ បានថ្លែងថា តាមកិច្ចប្រជុំវាយតម្លៃការដាក់ចេញយុទ្ធនាការដើម្បីការដោះស្រាយបញ្ហាការកកស្ទះភាពចង្អៀតណែន នៅក្នុងពន្ធនាគារ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ដែលអនុវត្តទទួលបានជោគជ័យ។

លោក បន្ថែមថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងទៅ ជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ២ម៉ឺននាក់ ហើយសំណុំរឿងត្រូវបានកើនឡើងជាគំហុក នៅតាមសាលាដំបូង រីឯអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ក៏មានការកើនឡើងផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top