នយោបាយ

វិភាគ ៖ ប្រធានាធិបតីអាមេរិក គ្រោងនឹងដាក់ជនជាតិខ្លួនឯង ជាក្រុមភេរវជន ខណៈមានក្បួន បាតុកម្មហិង្សា

បច្ចុប្បន្នភាព ក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ នៅសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ឈានចូលដល់ថ្ងៃទី០៧ហើយ រហូតមកដល់ថ្ងៃអង្គារ ទី០២ ខែមិថុនានេះ ហើយក្បួនបាតុកម្ម កំពុងរីករាលដាលកាន់តែធំឡើង ទៅកាន់រដ្ឋកាន់តែច្រើន នៅទូទាំងប្រទេសនេះ ។

គិតត្រឹមថ្ងៃអង្គារនេះ ក្រុមបាតុករបានពង្រីកខ្លួន ទៅកាន់ទីក្រុងប្រមាណជាង៤០ទីក្រុង ក្នុងរដ្ឋចំនួន២៣រដ្ឋ ក្នុងចំណោមរដ្ឋសរុបចំនួន៥០រដ្ឋ របស់សហរដ្ឋអាមេរិក ហើយក្បូនបាតុកម្មនេះ ក៏កំពុងប្រែក្លាយទៅជាអំពើហិង្សា អំពើចោរកម្ម និងការបំផ្លិចបំផ្លាញ ។

ក្រុមបាតុករ បានដុតរថយន្តប៉ូលីសជាច្រើនគ្រឿង បានវាយបំបែកកញ្ចក់ ហាងលក់ទំនិញមួយចំនួន និងបានចូលទៅយកទំនិញផ្សេងៗ មានគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងទំនិញផ្សេងទៀតនៅក្នុងទីក្រុង ដែលបង្កើតអោយមានភាពចលាចល ។

ស្របពេលដែលក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ បានប្រែក្លាយទៅជាអំពើហិង្សាបែបនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោង នឹងដាក់ក្រុមឆ្វេងនិយមជ្រុលមួយក្រុម ក្នុងក្បួនបាតុកម្មនេះ ទៅក្នុងបញ្ជីរក្រុមភេរវជន ។

នេះជាប្រវត្តិសាស្ត្រ របស់អាមេរិកហើយ ដែលមេដឹកនាំកំពូល របស់ប្រទេសនេះ មានគម្រោងនឹងដាក់ប្រជាពលរដ្ឋខ្លួនឯង ទៅក្នុងបញ្ជីរក្រុមភេរវជន ដោយគ្រាន់តែប្រជាពលរដ្ឋទាំងនោះ បានចេញទៅធ្វើបាតុកម្មទាមទារយុត្តិធម៌ ។

លោក ត្រាំ បានចោទប្រកាន់មនុស្សមួយក្រុម ឈ្មោះក្រុម អាន់ទីហ្វា (Antifa) ថាជាក្រុមដឹកនាំធ្វើបាតុកម្ម និងរុញច្រានក្បួនបាតុកម្មនេះ អោយប្រែក្លាយទៅជាក្បួនកុបកម្មដ៏ហិង្សា រហូតឈានដល់អំពើហិង្សា អំពើចោរកម្ម និងការបំផ្លិចបំផ្លាញ ។

លោក ត្រាំ មានគម្រោងនឹងដាក់ក្រុម Antifa ចូលក្នុងបញ្ជីរអង្គការភេរវកម្មក្នុងស្រុក ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានអ្វីអាចបញ្ជាក់បានថា ក្រុមនេះ បានទៅចូលរួមធ្វើបាតុកម្ម ឬក៏អត់បញ្ឆេះអោយមានអំពើហិង្សាដូចការចោទប្រកាន់របស់លោក ត្រាំ នោះទេ ។

ហើយម្យ៉ាងទៀត ក្រុមអ្នកច្បាប់បាននិយាយថា ក្រុម Antifa នេះគ្មានសមាជិក គ្មានរចនាសម្ព័ន្ធ និងមិនមែនជាអង្គការអ្វីមួយច្បាស់លាស់នោះទេ ដោយក្រុម Antifa គ្រាន់តែជាចលនាមួយមាននិន្នាការ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ តែប៉ុណ្ណោះ ។
ដើមចមនាំអោយកើតរឿងមូលហេតុសំខាន់ ដែលនាំអោយកើតរឿងនេះ គឺដោយសារប៉ូលីសអាមេរិក ជនជាតិស្បែកស បានសម្លាប់ជនសង្ស័យជនជាតិ អាមេរិកស្បែកខ្មៅម្នាក់ ឈ្មោះលោក George Floyd ដោយប៉ូលីសបានយកជង្គង់ ទៅសង្កត់លើបំពង់ក ជនរងគ្រោះរហូតដល់ស្លាប់ ។

អំពើហិង្សាសម្លាប់មនុស្សរបស់ប៉ូលីស បានកើតឡើងក្រោយ ពីអ្នកលក់នៅក្នុងហាង បានទូរស័ព្ទទៅប្តឹងប៉ូលីសថា លោក George Floyd បានយកក្រដាសប្រាក់២០ដុល្លារ ក្លែងក្លាយទៅចាយ ហើយប៉ូលីស បានចាប់ជនរងគ្រោះ ដោយមិនបានសួររកហេតុផល ។

រូបភាពសន្លឹក និងវីដេអូ អំពីប៉ូលីសយកជង្គង់ ទៅសង្កត់លើបំពង់ក របស់លោក George Floyd រហូតដល់ស្លាប់ ត្រូវបានបង្ហោះយ៉ាងទូលំទូលាយ តាមប្រព័ន្ធបណ្តាសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដែលជាហេតុនាំអោយមានកំហឹង ។

ក្បួនបាតុកម្មប្រឆាំងអំពើហិង្សា ប្រឆាំងការរើសអើងពណ៌សម្បុរ និងទាមទាររកយុត្តិធម៌ បានផ្ទុះឡើងនៅស្ទើរទូទាំង សហរដ្ឋអាមេរិក និងរីករាលដាលកាន់តែធំឡើង រហូតដល់មិនអាចគ្រប់គ្រង បានរហូតដល់ពេលបច្ចុប្បន្ន ។

អភិបាលរដ្ឋចំនួន១៥រដ្ឋ បានប្រកាសដាក់បម្រាមគោចរ ក្នុងវិធានការទប់ស្កាត់ការប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម រួមទាំងដាក់ពង្រាយកងកម្លាំង សន្តិសុខរាប់ម៉ឺននាក់ ដើម្បីទប់ស្កាត់ការចូលរួមធ្វើបាតុកម្ម របស់ប្រជាពលរដ្ឋកាន់តែច្រើន ប៉ុន្តែមិនអាចទប់ស្កាត់បានទេ ។

សន្និដ្ឋាន៖ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើក្រុមបាតុករ មិនឈប់ធ្វើបាតុកម្ម?

ប្រសិនបើក្រុមបាតុករ មិនព្រមបញ្ឈប់ក្បួនបាតុកម្មរបស់ខ្លួន និងនៅតែបន្តធ្វើបាតុកម្មបែបអំពើហិង្សា អំពើចោរកម្ម និងការបំផ្លិចបំផ្លាញតទៅទៀងនោះ អាមេរិកនឹងខាតបង់កិត្យានុភាព ជាប្រទេសមហាអំណាច និងគោរពសិទ្ធមនុស្សនៅលើពិភពលោក ។

មេដឹកនាំ និងប្រជាពលរដ្ឋអាមេរិក នឹងទទួលរងភាពអាម៉ាសកាន់តែខ្លាំងនៅជុំវិញពិភពលោក ចំពោះអំពើហិង្សា អំពើចោរកម្ម និងការបំផ្លិចបំផ្លាញ និងជាជនជាតិដែលគ្មានសណ្តាប់ធ្នាប់ ដែលចូលទៅលួច និងប្លន់យកទំនិញក្នុងហាងតាមរយៈការធ្វើបាតុកម្ម ។

ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រើកងកម្លាំងយោធា ទៅបង្ក្រាបក្រុមបាតុករ ទៅតាមការលើកឡើង របស់លោកមែននោះ នោះពិភពលោកនឹងរិះគន់អាមេរិក ពីបទប្រើអំពើហិង្សា លើប្រជាពលរដ្ឋស្លូតត្រង់របស់ខ្លួន ។

មេដឹកនាំអាមេរិក ធ្លាប់តែរីះគន់មេដឹកនាំ របស់ប្រទេស នានានៅជុំវិញពិភពលោក ពីបទប្រើអំពើហិង្សាលើជនជាតិ ខ្លួនឯង តាមរយៈចំណាត់ការបង្ក្រាប ក្រុមបាតុករ ប៉ុន្តែនៅពេលនេះ គឺដល់វេនអាមេរិកម្តងហើយ ដែលត្រូវបានរីះគន់ ពីជុំវិញពិភពលោក ។

ផលប៉ះពាល់

ផលប៉ះពាល់ដែលកើតចេញ ពីក្បួនបាតុកម្មនេះ គឺប៉ះពាល់លើសណ្តាប់ធ្នាប់ និងសន្តិសុខជាតិ រួមទាំងផលប៉ះពាល់លើការប្រកបអាជិវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ខណៈដែលប្រទេស មហាអំណាចមួយនេះ បានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរួចហើយ ពីសង្គ្រាមពាណិជ្ជកម្ម ពីការឆ្លងរាលដាល នៃវីរុសCovid-19 ។
ក្បួនបាតុកម្មនេះ ក៏នឹងធ្វើអោយសហរដ្ឋអាមេរិក អាប់អោនកេរឈ្មោះ និងកិត្តិយសផងដែរ ដែលកើតចេញពីអំពើហិង្សា អំពើចោរកម្ម និង ការបំផ្លិចបំផ្លាញ រួមទាំងការបង្ក្រាបយ៉ាងចាស់ដៃ ពីប្រមុខដឹកនាំរដ្ឋាភិបាល ៕
ដោយ៖ អ៊ិន ជិន

To Top
×