នយោបាយ

មន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល៖ តុលាការបារាំង ផ្ដល់យុត្តិធម៌ ដល់សម្ដេចតេជោហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសម្តែងការយល់ឃើញថា តុលាការបារាំង ពិតជាបានផ្ដល់យុត្តិធម៌ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយពីតុលាការប្រទេសនេះ បានចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ លើបុគ្គល»។

តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចដាក់ឲ្យទណ្ឌិត សម រង្ស៊ី ស្ថិតនៅក្រោមការ ចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ លើបុគ្គល» ធ្វើឡើងតាមបណ្តឹង សម្តេចតេជោ និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ថា «ខ្ញុំយល់ថា នេះជាយុត្តិធម៌មួយសម្រាប់ សម្ដេចតេជោ ហ៊ុន សែន ដែលតុលាការបារាំង បានចោទប្រកាន់ ទណ្ឌិត សម រង្ស៊ី»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិតសម រង្ស៊ី នៅតុលាការប្រទេសបារាំង ដែលជាកន្លែងរស់នៅអចិន្ត្រៃយ៍ របស់ទណ្ឌិត សម រង្ស៊ី ដោយសារតែ ទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់គ្មានការពិតថា សម្តេចតេជោ ជាអ្នករៀបចំគម្រោងសម្លាប់ លោក ហុក ឡង់ឌី ដែលជាឪពុករបស់លោក ឌី វិជ្ជា ហើយថា សព្វថ្ងៃនេះ លោក ឌី វិជ្ជា ដែលជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កំពុងរកវិធីសងសឹក ឲ្យឪពុករបស់លោកខ្លួន៕ ដោយ៖ អេង ប៊ូឆេង

To Top