នយោបាយ

កម្ពុជា រងការគំរាមកំហែង ពីអាមេរិក លើករណីការធ្វើទំនើបកម្ម មូលដ្ឋានទ័ពជើងទឹករាម

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានលើកឡើងថា សហរដ្ឋអាមេរិកបានតាមដាន និងវិភាគយ៉ាងល្អិតល្អន់ សូម្បីតែកិច្ចសន្យារវាង កម្ពុជានិងចិន នៅក្នុងការស្ការជួសជុល និងការធ្វើទំនើបកម្ម មូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្តាល នៃការចោទប្រកាន់ នៃការដាក់សម្ពាធ រហូតដល់ការគម្រាមកំហែងផង។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួម វេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានចូលរួមថ្លែងបទអន្តរគមន៍ ក្នុងកិច្ចប្រជុំតុមូល ស្ដីពី “សន្តិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅទីក្រុងប៉ារីសនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២លោក ប្រាក់ សុខុន បានលើកឡើង នូវឧទាហរណ៍មួយនៃការប៉ះពាល់ ដ៏គួរឱ្យសោកស្តាយ ដែលបណ្តាលមកពី ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងសូមមិនលើកឡើងវិញ ដដែលៗនូវសារសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រជាសាស្ត្រនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះទេ។

លោកឧបនាយករដ្ឋមន្រ្តីបន្តថា សមុទ្រចិនខាងត្បូង គឺពិតជាតំបន់មួយ ដែលមានសារសំខាន់ និងផលប្រយោជន៍ទាំងនេះ លាយឡំគ្នាយ៉ាងជាក់ច្បាស់ និងប្រកបដោយគ្រោះថ្នាក់។ ប្រទេសដែលគួរជាអ្នកពាក់ព័ន្ធ“គឺប្រទេស ដែលកំពុងមានជម្លោះដណ្តើម នូវអធិបតេយ្យភាព នៅផ្នែកណានោះ នៃតំបន់សមុទ្រនេះ ទោះបីទឡឹករណ៍ ខាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ដែលគេលើកឡើង ដើម្បីធ្វើជាអំណះអំណាង នៃការទាមទាររបស់គ នោះយ៉ាងណាក៏ដោយ។

លោក ប្រាក់ សុខុន គួសបញ្ជាក់ថា «ប៉ុន្តែប្រទេសតូចដូចកម្ពុជា ក៏ត្រូវទទួលរងគ្រោះផងដែរ។ ដោយសារតែអ្វីទាំងអស់ដែល ប្រទេសចិនធ្វើនៅក្នុងតំបន់នេះ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បីតែកិច្ចសន្យារវាងកម្ពុជានិងចិន នៅក្នុងការស្ការជួសជុល និងការធ្វើទំនើបកម្ម មូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្តាល នៃការចោទប្រកាន់ នៃការដាក់សម្ពាធ រហូតដល់ការគម្រាមកំហែងផង។ ក្នុងខណៈដែលការងារជួសជុល មូលដ្ឋាននេះ កំពុងដំណើរការនៅឡើយ គេបានចោទ ប្រកាន់យើងរួចទៅហើយថា បានផ្តល់ឱ្យប្រទេសចិន នូវតំបន់ផ្ដាច់មុខ នៅក្នុងមូលដ្ឋាននេះ»។

នៅក្នុងឱកាសនោះប្រមុខការទូតកម្ពុជា បានបញ្ជាក់ប្រាប់អង្គប្រជុំថា កម្ពុជាប្រកាន់នូវនយោបាយ អព្យាក្រិត្យអចិន្ត្រៃយ៍។ រដ្ឋធម្មនុញ្ញ កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានយោធាបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាត ឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួន ទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្តិភាព។

លោក ប្រាក់ សុខុន បញ្ជាក់ថា «រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធ ទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការ ការពារដែនសមុទ្ររបស់យើង និងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់យើង ដែលជាញឹកញាប់ ត្រូវបានគេរំលោភបំពាន។

លោកថា ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជាមានសិទ្ធគ្រប់យ៉ាងទាំងអស់នៅ ក្នុងការជ្រើសរើសមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីការពារប្រជាជាតិរបស់យើង ប៉ុន្តែយើង នឹងធ្វើការជ្រើសរើស មធ្យោបាយនោះ ដោយគោរពយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះរដ្ឋធម្មនុញ្ញរបស់ យើង»៕

To Top