ភ្នំពេញ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយ ក្នុង ការ រិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងបនរចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃពុធទី២២ ខែមិនា ឆ្នាំ២០២៣ អោយដឹងថា ការចូលសំចតចុងក្រោយ របស់នាវា បារាំង នៅ កម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិន អាច ប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មី មួយទៀត នៃភាពរស់រវើកនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។
នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានា វារបស់ កងទ័ពបារាំងនៅ ប៉ូលីនេស៊ី ដែលស្ថិត ក្រោម ការ បញ្ជា របស់ ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជាការការពារ អធិបតេយ្យ នៅតាម តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួម ក្នុងកិច្ច សហប្រតិបត្តិការនានា។ នាវានេះមានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ជាទូទៅ នាវា Prairial ចូលរួមនៅក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់បណ្តា ប្រទេស ដែនកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះ តែងតែបំពេញបេសកកម្ម ជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំង ចំពោះ ការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ ក្រុមនាវិកតែង ធ្វើការផ្លាស់ប្តូរ សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះ ជាមួយ ទាហានជើងទឹកនៃប្រទេសដៃគូ។ជាក់ស្តែងនាពេលកន្លងមក នាវានេះបានចូលរួម នៅក្នុងសមយុទ្ធមួយ ជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន។ នៅប្រទេសកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស រវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀត ដូចជា ការ ប្រកួត បាល់ទាត់ជាដើម។
ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយ នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយ សមុទ្រ ចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅ ចំនួន១,៦លាននាក់ និងយោធាបារាំង ចំនួន ៧ ០០០នាក់ ។ ៩៣%នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្តេជ្ញាចិត្តរបស់បារាំងនៅក្នុង តំបន់ នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗចំនួន៤គឺ៖ សន្តិសុខនិងការការពារសេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងមហាសមុទ្រដោយចីរភាព។
ប្រទេសបារំាងខិតខំពង្រឹង បន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នា ចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុបនៅ ឥណ្ឌូប៉ាស៊ីហ្វិក។
ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូ រវាង ប្រទេស បារាំងជាមួយអា ស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុង ក្រុមការងារ ចំនួនពីរនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារ ទទួលបន្ទុក សន្តិសុខ លំហ សមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រ ដល់ដំណើរការ សន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕