ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ហួសពេលវេលាសម្រាប់ គណបក្សភ្លើងទៀន តវ៉ាដើម្បីបានចូលរួម ប្រកួតប្រជែងបោះឆ្នោតហើយ ព្រោះអង្ករបានក្លាយទៅជាបាយ ។
ន័យអង្ករបានក្លាយទៅជាបាយរបស់លោក សុខ ឥសាននេះ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិង បិទផ្លូវតវ៉ារបស់គណបក្ស ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ ឧសភាថា “ការប៉ុនប៉ងចូលរួមប្រកួត ប្រជែងការបោះឆ្នោត ខាងមុខហួសពេលហើយ បានសេចក្តីថា អង្ករបានក្លាយទៅជាបាយរួចហើយ តាមរយៈការបិទផ្លូវតវ៉ានៃក្រុមប្រឹក្សាធម្មនុញ្ញ មិនឲ្យមានការប្តឹងតវ៉ាទៅលើទៀត”។
លោកថា ជាក់ស្តែងពីថ្ងៃ២៩ ឧសភា ក៏បានចាប់កំណត់លេខរៀងគណបក្សនយោបាយរួចហើយដែរ ។ ដូច្នេះការស្រមើលស្រមៃរបស់បក្សភ្លើងទៀនចង់ចូលរួមបោះឆ្នោតហួសពេល ទោះបីមានប្រតិកម្ម និងធ្វើសកម្មភាពយ៉ាងណា ក៏ដោយក៏មិនអាចទៅរួចទេ ។

ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន មានគម្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីជួបជុំសមាជិកក៏ដូចជាអ្នកគាំទ្រជាង១ម៉ឺននាក់ នៅ លើទីលាន ប្រជាធិបតេយ្យ នៅក្បែរស្ពានអាកាសឬស្ស៊ីកែវ នៅចុងសប្តាហ៍នេះ ក្នុងគោល បំណងទាមទារឲ្យគណបក្ស ខ្លួនបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធ និងបិទផ្លូវតវ៉ា មិនឲ្យចូលបោះឆ្នោតដោយសារគ្មានឯកសារដើម ៕
