នយោបាយ

គណបក្សប្រជាជន ត្រៀមដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃបិទ លើតម្រាយផ្លូវជាង៩គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ

រូបភាព៖​ ពីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត នាល្ងាចថ្ងៃទី១២ កក្កដា ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការ គណបក្សខណ្ឌទាំង១៤ អង្គភាពនៃមន្ទីរចំណុះ ឲ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ បានកំណត់រួចហើយ ដោយយកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ។ ថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនេះ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា នឹងជួបជុំគ្នាមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ រួចដង្ហែក្បួន ចេញពីកោះពេជ្រ ចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅទីតាំងបឹងកក់ ដែលមានតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ៕

To Top