នយោបាយ

អាជ្ញាធរ នឹងផ្អាកចរាចរបណ្ដោះអាសន្ន ពេលបក្សខ្មែរអភិរក្ស ហែរក្បួនឃោសនាថ្ងៃ១៩ កក្កដា

រូបភាព៖ ផេកហ្វេសប៊ុក ទំព័រ គណបក្សខ្មែរអភិរក្ស-Khmer Conservative Party

ភ្នំពេញ ៖ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន១ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក- សមាជិកា ដង្ហែក្បួនឃោសនារកក្នុងរាជធានីភ្នំពេញចេញពីផ្លូវ៦០ម៉ែត្រ ហេតុនេះនឹងផ្អាកចរាចរជាបណ្តោះអាសន្ន។

គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំនៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) អ្នកចូលរួមចំនួន៧០០នាក់ បន្ទាប់មកនៅម៉ោង៨ក្បួននឹងចេញពីទីតាំងជួបជុំ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេងចូលមហាវិថី អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេង ចូលផ្លូវលេខ១៩៨៦ បន្តបត់ឆ្វេងផ្លូវលេខ១០០៣ រហូតដល់ចំណុចផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ ឈប់សម្រាកអាហារថ្ងៃត្រង់។

នៅវេលាម៉ោង១៤រសៀល ក្បួនចេញពីទីតាំងសម្រាក តាមបណ្ដោយផ្លូវលេខ១៩៦៦ បត់ឆ្វេងចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូលផ្លូវលេខ៣៥៥ បន្ទាប់មកបត់ស្តាំ ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ៧៤ រួចបត់ស្តាំចូលពីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ១៣០ បត់ស្តាំចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) បត់ស្តាំចូល វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅរង្វង់មូលវត្តសំពៅមាស បត់ឆ្វេងចូលផ្លូវលេខ១៦៣ រហូតដល់ ស្តុបទួលទំពូង បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថីព្រះមុនីវង្ស និងបន្តដំណើរឆ្ពោះទៅទីតាំងជួបជុំវិញ ដើម្បីរំសាយ។

ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិកសមាជិកា ដើម្បីចៀសវាងការកកស្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ នៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែលបក្សហែរក្បួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦ព្រឹកដល់ការដង្ហែក្បួនបញ្ចប់៕

To Top