នយោបាយ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំUN ៖ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមានតម្លាភាព

រូបភាពពី៖ ហ្វេសប៊ុក

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាចាត់ទុកការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២៧ កក្កដា បានលើកឡើងថា ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល និងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាកថា «ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើង ក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើកឡើងខាងលើ។

អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែល ច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣ មកនិងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពី នយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ»។

លើសពីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សង្ឃឹមថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនឹងពិចារណាពីតថភាពទាំងអស់នេះ ព្រមទាំងអនុវត្តការងាររបស់ខ្លួន ដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្របតាមសេចក្ដីសម្រេចចែងពីអាណត្តិរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោរពតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

To Top