SEA GAME

គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានការឧបត្ថម្ភជាថវិកា និង សម្ភារៈពីទឹកពិសាវីតាល់

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អញ្ជើញមកទស្សនកិច្ច រោងចក្រផលិតទឹក ពិសាវីតាល់ ក្នុង“គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម” ដែលបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយ ពីវីតាល់ តាមរយៈការចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដើម្បីបានជួយសម្រួលតម្រូវការចាំបាច់ របស់បងប្អូនកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់យ៉ាងសកម្ម ការសម្រាប់ត្រៀមប្រកួត អាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងវត្តមានថ្នាក់ដឹកនាំ គ្រូបង្វឹកកីឡាករ កីឡាការនីប៉ារ៉ាហ្គេមច្រើននាក់ ។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែង នូវការថ្លែងអំណរគុណ ជូនចំពោះគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ចំពោះ គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម ។ វត្ថុបំណងជារួម នៃការរៀបចំកម្មវិធីពេលនេះ គឺបង្ហាញពីការគាំទ្រ របស់វីតាល់ក្នុងនាមជាវិស័យឯកជន ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូប ដែលមានមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ លោកប្រធានប្រតិបត្តិការធុរកិច្ច បានបន្ថែមទៀតថា ជាមួយគ្នានេះផងដែល វីតាល់ ក៏ទទួលបានការទទួលស្គាល់ជាដៃគូគាំទ្រ ដោយមោទកៈ នៃយុទ្ធនាការ Beyond The Games នៃស.ស.យ.ក. ក្នុងការចូលរួមផ្សព្វផ្សាយ ការសាទរស៊ីហ្គេម ២០២៣ ជាមួយការចេញ សំបកឡាប៊ែលស៊ីហ្គេម រចនាឡើងយ៉ាងពិសេសសម្រាប់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍កោតសសើរ នូវគំនិតផ្តួចផ្តើម និងការគាំទ្ររបស់វីតាល់ ជាមួយកីឡាករកីឡាការនីប៉ារ៉ាហ្គេម ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀម សម្រាប់ការប្រកួតដែលនឹងខិតជិត មកមកនាប្រមាណជាង៦០ថ្ងៃខាងមុខ ។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតកាយវិការ នៃការចូលរួមរបស់វីតាល់ នាពេលនេះបង្ហាញពីសាមគ្គីភាព និងការគាំទ្រ យ៉ាងពេញទំហឹង នៃវិស័យឯកជន ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ចូលរួមគាំទ្រដល់កីឡាករ កីឡាការិនី របស់យើងក្នុងការហ្វឹកហាត់ត្រៀមប្រកួត និងយកជ័យជំនះ ជូនជាតិមាតុភូមិរបស់យើង ។

គួរបញ្ចាក់ផងដែរថាជំហានដំបូង នៃគម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម ដែលវីតាល់ បានផ្តល់ជូនថវិកា និងសម្លៀកបំពាក់ហ្វឹកហាត់ ជូនកីឡាករកីឡាការិនីបាល់ទះអង្គុយ និងបាល់បោះជិះរទេះ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកញ្ចប់បូរេប្រទាននៃមូលនិធិ២៥៛ ដែលជាការបរិច្ចាគ របស់អ្នកប្រើប្រាស់ទឹកពិសាវីតាល់ ៕

To Top