ភ្នំពេញ ៖ “បេសកកម្មរបស់ខ្ញុំបញ្ចប់” នេះគឺជាការបញ្ចេញពាក្យពេជន៍ លោក Keisuke Honda (ហុងដា) ក្នុងការបញ្ចប់បេសកកម្មជា គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា កាលពីរាត្រីថ្ងៃ១០ ឧសភា ក្រោយកីឡាបាល់ទាត់ កម្ពុជា បាន១ពិន្ទុ មិនអាចយកឈ្នះ លើកីឡាករឥណ្ឌូនេស៊ីដែលទទួលជ័យជំនះ២គ្រាប់ ។ លោកបានរីករាយ ចំពោះលទ្ធផលនេះ ទោះបីកម្ពុជា មិនទទួលជ័យជំនះក៏ដោយ តែលោកផ្តាំឲ្យក្រុមកីឡាករដើរតាមក្តីស្រម៉ៃ។

ក្នុងសារដែលលោក ហុងដា បញ្ចេញលើបណ្តាទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ១១ ឧសភានេះ បានបង្ហាញថា “ដូចអ្នកដឹងហើយថា បេសកកម្មរបស់ខ្ញុំ ក្នុងកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បាន បញ្ចប់កាលពីយប់មិញ ។ យើងចង់ធ្វើឲ្យអ្នករីករាយ ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ។ ប៉ុន្តែយើងមិនអាចធ្វើវាបានទេ។ ឆាកជីវិតរបស់យើងមិនត្រូវបានសន្យា ហើយការពិតពេលខ្លះ ខ្ញុំក៏ពិបាកទទួលយកដែរ” ។

តាំងពីឆ្នាំ២០១៨មក ដែលលោកបានស្ម័គ្រចិត្ត ចាប់ផ្តើមបង្វឹកកីឡាករកម្ពុជាគឺថា “ខ្ញុំមានអារម្មណ៍ដូចនេះ ជាច្រើនដងមកហើយ។ ប៉ុន្តែ “អ្នក”ក្រុមកីឡាករ គឺជាថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ ។ នោះហើយជាមូលហេតុ ដែលខ្ញុំអាចបន្តបេសកកម្ម របស់ខ្ញុំរហូតដល់ទីបញ្ចប់” ។

លោកក៏បានថ្លែងអំណរគុណ ចំពោះអ្វីៗគ្រប់យ៉ាងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលពលរដ្ឋខ្មែរ គ្រប់គ្នាផ្តល់ឲ្យលោក និងកីឡាករទាំងអស់ នូវអ្វីៗជាច្រើន ។ លោកមោទកភាព ចំពោះអ្នកទាំងអស់គ្នា ។ ជាចុងក្រោយ “ខ្ញុំចង់ប្រាប់អ្នកពីពាក្យនេះ។ Have a dream, Follow the dream” ។

ជាមួយគ្នានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញពីអារម្មណ៍ផងដែរ ចំពោះដំណើរចាកចេញរបស់ហុងដា ។ ផេកហ្វេសប៊ុក របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថា “ការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស ក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣។ ពួកយើងទាំងអស់គ្នា ពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ត ការគាំទ្ររបស់បងប្អូន ក្នុងអំឡុងព្រឹត្តិការណ៍នេះ និងសោកស្ដាយ ដែលមិនអាចបន្តទៅជុំបន្ទាប់” ។
ចំពោះផេក Cambodia2023វិញ ក៏បានអរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែង ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ លោក Keisuke Honda បានបំពេញបេសសកម្ម រួចរាល់ជាមួយ CAMBODIA 2023 ៕
