ខេត្តកណ្តាល៖លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤បានអញ្ជើញចូលរួមពិធីបើកទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” ឆ្នាំ២០២៤ ក្រោមប្រធានបទ “ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត” នៅក្រុងតាខ្មៅ ខេត្តកណ្តា។
ក្នុងឱកាសនេះក៏មានការអដំណើរដោយលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទាំង លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាង ៨០០នាក់។
លោក គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ទិវានេះពិតជាមានសារសំខាន់ខ្លាំងណាស់ដល់បងប្អូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ខេត្តកណ្តាល ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសារៈប្រយោជន៍នៃការហាត់ប្រាណ និងលេងកីឡាដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
លោក កែ ប៊ុនខៀង ក៏បានមានប្រសាសន៍ថា ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN”នេះ ដោយអនុវត្តផែនការអាស៊ាន៥ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទាប្រជាពលរដ្ឋនៅក្នុងសហគមន៍អាស៊ានទាំងមូល។អាស៊ានបាននិងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង (NCD) យោងតាមអង្គការសុខភាពពិភពលោកឱ្យដឹងថា កត្តាគ្រោះថ្នាក់ជាទូទៅជំងឺមិនឆ្លងមាន៤សំខាន់ៗរួមមាន របបអាហារមិនល្អ រាងកាយពុំបានធ្វើចលនាគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំជក់ និងការផឹកគ្រឿងស្រវឹង។
លោក បានបន្ថែមថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាន ៥ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ។
លោក ប៉ែន វុទ្ធីបាននិយាយថា ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព FitASEAN ឆ្នាំ២០២៤ ក្រោមប្រធានបទ“ ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត”។ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ។
លោកបានបញ្ជាក់ថា ការបានរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព FitASEAN ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាព របស់ប្រជាជន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕ ដោយ៖លី ភីលីព