បច្ចេកវិទ្យា

ការវាយប្រហារ តាមរយៈ iPhone Calendar (ប្រតិទិន) កាន់តែមានការកើនឡើង

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ របស់ Malwarebytes ដែលជាក្រុមហ៊ុន បង្កើតកម្មវិធី ការពារមេរោគ ដ៏ល្បីមួយនោះបានបង្ហាញថា ជនខិលខូច បានកំពុងតែបង្កើន ការវាយប្រហារ តាមរយៈ iPhone Calendar ដោយបញ្ចូលនូវ ព្រឹត្តិការណ៍ផ្សេងៗ ទៅក្នុងប្រតិទិន របស់អ្នកប្រើប្រាស់ ដែលទាក់ទងទៅ នឹងកម្មវិធីអាសអាភាស ឬពួកគេអះអាងថា ទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ ។

យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានបង្កើត គេហទំព័រក្លែងក្លាយ ឬប្រើគេហទំព័រ ដែលពួកគេបានលួចចូលកាន់កាប់ដើម្បី ធ្វើការបោកបញ្ឆោតជនរងគ្រោះ ឱ្យឯកភាពបញ្ចូល នូវព្រឹត្តិការណ៍ផ្សេងៗ ទៅក្នុងប្រតិទិន ដែលទាក់ទងទៅនឹងកម្មវិធីមេរោគ ឬអាសអាភាស ។ ប្រសិនបើជនរងគ្រោះមិនឯកភាព ឬចុច នៅលើពាក្យ “Cancel “ វិញនោះ ពួកគេនឹងបង្ហាញនូវទំព័រថ្មី ដែលមានពាក្យពេចន៍ព្រមានថា ទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរង ការវាយប្រហារ ហើយបង្ហាញលោកអ្នក នូវកម្មវិធី ដើម្បីការពារ សុវត្ថិភាពទូរសព្ទ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កម្មវិធីទាំងនោះ គឺជាកម្មវិធី VPN ដែលមិនមានដំណើរការ ហើយថែមទាំងទាមទារ ឱ្យជនរងគ្រោះបង់ថ្លៃសេវាពី ៩ ទៅ១០ដុល្លារ ក្នុងមួយសប្តាហ៍ទៀតផង ។

ប្រសិនបើលោកអ្នក បានឯកភាពឱ្យមានការបញ្ចូល នូវព្រឹត្តិការណ៍ទៅក្នុងប្រតិទិនហើយនោះ លោកអ្នកអាចធ្វើការលុបវាចោលបានដោយ បើកកម្មវិធី Calendar > ចុចលើពាក្យ “Calendars” ដែលនៅកណ្ដាល ផ្នែកខាងក្រោមស្រ្គីន > ចុចលើអក្សរ “i” ដើម្បីលុបចោលអ្វី ដែលមាននៅក្នុងផ្នែក “SUBSCRIBED ” ប្រសិនបើលោកអ្នកមាន ។ គួរបញ្ជាក់ថាប្រសិនបើលោកអ្នក មិនឃើញមានផ្នែក “SUBSCRIBED” នេះមានន័យថា លោកអ្នកមិនបានឯកភាព ឱ្យមានការបញ្ចូលនូវព្រឹត្តិការណ៍ ទៅក្នុងប្រតិទិននោះទេ ៕

To Top