បច្ចេកវិទ្យា

កម្ពុជា ច្រានចោលចំពោះ ការផ្សាយថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិ្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិ តព័ត៌មានថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩ ព្រមទាំង បំផ្លើសថា រាជរដ្ឋាភិបាល ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។

ថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពីប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ក្រោមចំណងជើងថា «ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទ ប់ស្កាត់កូវីដ (China squeezes Cambodia for its Covid data) ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិន បានជួបមន្ដ្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។

យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការប្រឌិត និងបំផ្លើសព័ត៌មានមិនពិតនេះ ដែលបំពុលសង្គម និងមតិសាធារណៈ ព្រមទាំងញុះញង់ក្នុងគោលបំណងរារាំង ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧,៩៥៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣១,២២២នាក់ និងស្លាប់ចំនួន ៣២០នាក់៕

To Top