ភ្នំពេញ ៖ នាយករដ្ឋាព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាធារណៈ បន្ទាប់ពីជនខិលខូច ប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការប្រព្រឹត្តបទល្មើស ឬភេរវកម្ម ជាដើម។
តាមរយៈគេហំទព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋាព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿនក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ កំពុងទាញយកនូវប្រយោជន៍បច្ចេកវិទ្យាឌីជីថល សម្រាប់ជម្រុញ សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្តង់ដាររស់នៅ ការកំសាន្ត និងទំនាក់ទំនង។
នាយករដ្ឋាព័ត៌មានវិទ្យា បានបញ្ជាក់ថា «ទោះជាយ៉ាងណា ភាពអវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល ក៏កំពុងកើតមានឡើងនៅពេលដំណាលគ្នា ពោលគឺជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា បានស្វែងរកចន្លោះខ្វះខាត ឬប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស ឬភេរវកម្មជាដើម»។
លើសពីនេះ ក្នុងបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) គឺជាគោលដៅយ៉ាងសំខាន់ ដែលត្រូវគាំពារក្នុងកម្រិតយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវសន្តិសុខសាធារណៈ ដែលរាប់បញ្ចូលទាំងលើផ្នែកហិរញ្ញវត្ថុ សុខមាលភាព សុវត្ថិភាព និងអាយុជីវិតផងដែរ។
ដើម្បីធានាបាននូវសុខមាលភាពសង្គម និងការពារពីការវាយប្រហារ ឬជ្រៀតចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីសំណាក់ជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា និងប្រើប្រាស់ប្រព័ន្ធទាំងនេះបង្កនូវផលប៉ះពាល់ ឬមហន្តរាយដល់សន្តិសុខសាធារណៈ ស្ថាប័នជំនាញ គួរសិក្សារៀបចំនូវយន្តការគ្រឹះចំនួន៥ រួមមាន ៖ កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (Cybersecurity Law), កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cybercrime Law), អង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបង្កើតនូវយន្តការអភិបាលកិច្ចបច្ចេកវិទ្យា (Operation & Information Security Governance), កសាងនូវយន្តការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងកែលម្អ លើការអនុវត្តស្តីពីច្បាប់បទដ្ឋានគតិយុត្ត ពីសំណាក់បណ្តាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Monitoring, Evaluating, and Improving), កសាងនូវយន្តការផ្សព្វផ្សាយអប់រំ ជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ៕