Covid-19

អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ៖ ការចែកចាយព័ត៌មានមិនពិត ជាបទល្មើសព្រហ្មទណ្ឌ អាចឈានផ្តន្ទាទោស ដាក់ពន្ធនាគារ និងពិន័យប្រាក់

ភ្នំពេញ ៖ លោក នុត សវនា អគ្គនាយករង និងជាអ្នក នាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា ការចែកចាយព័ត៌មានមិនពិត អាចសន្មត់ជាអំពើ ញុះញង់ បរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងញុះញុងឲ្យរើសអើង គឺជាបទល្មើសព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោស ជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ នេះបើតាមប្រភព ពីអគ្គនាយកដ្ឋានពន្ធនាគារ

ការថ្លែងរបស់លោកនេះ បន្ទាប់ពីជនអគតិមួយចំនួន បានចែកចាយរូបថត ដោយភ្ជាប់ខ្លឹមសារ “អ្នកជាប់ឃុំកំពុងច្របូកច្របល់ ដោយសារចៅស្រីអគ្គពន្ធនាគារ យកកូវីដ១៩ ចូលពន្ធនាគារ ម២ ។ សាច់ញ្ញាតិអ្នកជាប់ទោស ស្នើគ្រូពេទ្យពិនិត្យសុខភាព អ្នកទាំងនោះផង។

លោក នុត សវនាបន្តថា ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ត្រូវបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាសកម្មភាព ញុះញង់បំភ្លៃការពិត បណ្តាលឲ្យសង្គមកម្ពុជាជួបបញ្ហាវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

លោកថា ត្រូវចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងសីលធម៌ក្នុងសង្គម ដោយការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ៕

To Top