Covid-19

ក្រសួងសុខាភិបាលចេញវិធានការបន្ថែម ពង្រឹងអនាម័យ នៅផ្សារទំនើប ធនាគារ និងកន្លែងអាជីវកម្មផ្សេងៗ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាកដាល និងឆ្លងជំងឺកូវីដ ១៩ក្រសួងសុខាភិបានណែនាំឲ្យមានការពង្រឹងការ អនុវត្តវិធានការអនាម័យបន្ថែម ជាពិសេស នៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា អាជីវករនៅផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀតត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការឆ្លងជាយថាហេតុ នូវវីរុសកូវីដ -១៩ នៅពេលជួបជាមួយអតិថិជនទូទៅ។

ក្នុងនោះ បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាស និងរបាំងមុខការពារឲ្យបានត្រឹមត្រូវ និងជាប់ ជាប្រចាំ។ អតិថិជនទាំងអស់ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ ត្រឹមត្រូវ និងជាប់ជានិច្ច។

ចំពោះធនាគារ ផ្សារទំនើប និងហាងនីមួយៗ ត្រូវ
បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅ គ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាង ដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទបទឹក និងមុនពេល បរិភោគអាហារ។

ជាមួយគ្នានោះត្រូវរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងការណែនាំអនាម័យពេលក្អកកណ្តាស នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។

ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច ៣ដង ក្នុង១ថ្ងៃ។ ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃគ្នា។ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ឲ្យបានឆាប់រហ័សជូនដល់ អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេល សង្កេតឃើញមានករណីសង្ស័យចូលក្នុង និយមន័យនៃជំងឺកូវីដ១៩។

សូមជម្រាបថា ការបង្កើនការពង្រឹងវិធានការនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន២៣នាក់គិតត្រឹមថ្ងៃទី៤ ធ្នូ ៕
ដោយ ស.សំណាង

To Top