Covid-19

ក្រសួងអប់រំ ណែនាំវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពសុខភាពក្នុងការបំពេញការងារ។

យោងតាមលិខិតរបស់ក្រសួងអប់រំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទី១- អង្គភាពទាំងអស់ត្រូវណែនាំ ដល់បុគ្គលិកអប់រំក្រោមឱវាទ ឲ្យអនុវត្តការបំពេញការងារពីចម្ងាយ ឬអនឡាញ ក្នុងករណីមិនមានការចាំបាច់ មិនត្រូវមកកាន់ អង្គភាពនោះទេ។ បុគ្គលិកអប់រំ ត្រូវយកចិត្តទុកដាក់តាមដាន ព័ត៌មាននៃការវិវត្តស្ថានភាព ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនត្រូវធ្វើដំណើរទៅកន្លែង ដែលមានហានិភ័យ កូវីដ-១៩។

ទី២-ក្នុងករណីចាំបាច់ត្រូវមកកាន់អង្គភាព បុគ្គលិកអប់រំត្រូវធានាថា ខ្លួនមានសុខភាពប្រក្រតី និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដោយពាក់ម៉ាសការពារជាប្រចាំ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

ទី៣-អង្គភាពនីមួយៗត្រូវចាត់វិធានការ លើកកម្ពស់សុវត្ថិភាពសុខភាពនៅតាមអង្គភាព ដូចជា ការវាស់កម្ដៅ បុគ្គលិកការចាត់វិធានការរក្សាអនាម័យនៅតាមអង្គភាព និងត្រូវពិចារណាពន្យារពេល ឬលើកពេលអនុវត្តកម្មវិធី ឬកិច្ចប្រជុំនានា។ក្នុងករណី មិនអាចពន្យារពេល ឬលើកពេលបាន សូមអនុវត្តក្នុងទ្រង់ទ្រាយតូច ឬតាមប្រព័ន្ធអនឡាញ។

និងទី៤-រាល់ការស្នើសុំយោបល់ ការឆ្លងឯកសារ និងការសុំការសម្រេចពីថ្នាក់ដឹកនាំ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ (ក្រុមតេឡេក្រាម)៕

To Top