ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះបានលើកទឹកចិត្ត ដល់សមាជិក សមាជិកា រដ្ឋសភា ទាំងអស់ មេត្តាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាគថវិកា សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩។
តាមរយៈហ្វេសប៊ុក របស់សម្ដេច ហេង សំរិន បានអោយដឹងថា សម្ដេចបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចបាន សម្តែងការកោតសរសើរ ដល់រាជរដ្ឋាភិបាលដែលជានិច្ច កាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួ វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការយ៉ាងម៉ឹង មាត់ និងគ្រប់ជ្រុង ជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្ដេចក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិ កា រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គ ឧត្តម នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារ សុខភាពប្រជាពលរដ្ឋយើង។
ជាថ្មីម្តងទៀត សម្ដេច សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាល ឲ្យ ហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គម ជាតិយើង។
សម្ដេចក៏សូមអំពាវានាវ ដល់ជនរួមទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន រាល់វិធានការការពារ ទាំង ឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាង ការ ជួប ជុំគ្នា ដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ ជា ប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។
សម្ដេចក៏បានអោយដឹងផងដែរថា នៅថ្ងៃនេះ សម្ដេចនិងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ ផងដែរ។ សុខភាពសម្ដេច និងសមាជិកគ្រួសារទាំងអស់ មានលក្ខណៈល្អប្រសើរជាធម្មតា ហើយខ្ញុំនិងក្រុមគ្រួសារ នឹងបន្តធ្វើ ចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ។
ជាចុងបញ្ចប់សម្ដេច សូមជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយ ពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕