Covid-19

គណៈរដ្ឋមន្រ្តីជប៉ុន អនុម័តកញ្ចប់ថវិកា ៧០៧ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តកាលពីថ្ងៃអង្គារ នូវកញ្ចប់សេដ្ឋកិច្ចបន្ថែម ដែលមានតម្លៃ ៧៣,៦ ពាន់ពាន់លានយ៉េន (៧០៧ ពាន់លានដុល្លារ) រួមទាំងមូលនិធិឯកជន ដើម្បីជួយធានាថាសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារឆ្លងកូវីដ-១៩ កំពុងស្ថិតលើផ្លូវងើបឡើងវិញ។

យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា កញ្ចប់នេះរួមមានការបន្តកម្មវិធីឧបត្ថម្ភធន ដែលមានគោលបំណងលើកកម្ពស់ ការធ្វើដំណើរក្នុងស្រុកជំរុញការប្រើប្រាស់ និងជួយក្រុមហ៊ុនរក្សាការងារ ក៏ដូចជាការលើកទឹកចិត្តសម្រាប់ឌីជីថល និងការកាត់បន្ថយកាបូន។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ប៉ាន់ប្រមាណថា វិធានការណ៍ជំរុញសេដ្ឋកិច្ច នឹងជំរុញផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ៣,៦ ភាគរយ ដែលជួយសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ លើពិភពលោកមួយនេះ បន្តការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះដ៏អាក្រក់បំផុត ក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ១៩៥៥ នៅក្នុងត្រីមាសខែមេសា – មិថុនា ដោយសារការជំងឺរាតត្បាត។ ។

មន្រ្តីបានឲ្យដឹងថា ដើម្បីជួយដល់មូលនិធិនេះ ការចំណាយថវិកាប្រមាណ ៣០,៦ ពាន់ពាន់លានយ៉េននឹងត្រូវបាន ធានានៅក្នុងថវិកាបន្ថែមលើកទី ៣ សម្រាប់ឆ្នាំ២០២០ រហូតដល់ខែមីនាឆ្នាំក្រោយ និងថវិកាដំបូងសម្រាប់ឆ្នាំ២០២១៕

ដោយ ឈូក បូរ៉ា

To Top