Covid-19

វ៉ាក់សាំងកូវីដ១៩ នៅជប៉ុន នឹងត្រូវចាក់ដោយកក់ទុកជាមុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន នឹងចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំងការពារកូវីដ១៩ ដោយផ្អែកលើការកក់ទុក នៅតាមកន្លែងនានាដែល រៀបចំដោយរដ្ឋបាលក្រុង ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលត្រូវបានចាក់វ៉ាក់សាំង នឹងត្រូវធ្វើការកក់ជាមុនជាមួយ អាជ្ញាធរមូលដ្ឋាននៅតាមទីប្រជុំជន ក្រុងឬភូមិដែលពួកគេត្រូវបាន ចុះឈ្មោះថាពិតជាអ្នករស់នៅទីនោះមែន ។

សម្រាប់វ៉ាក់សាំងនេះ បើយោងតាមក្រុមអ្នកជំនាញលើកឡើងថា អាចមានសក្តានុពលចាប់ផ្តើម ដាក់ឱ្យប្រើប្រាស់នៅខែមីនា នៅតាមមណ្ឌលនានា រួមមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មណ្ឌលសុខភាពសាធារណៈ កន្លែងហាត់ប្រាណ កន្លែងព្រឹត្តិការណ៍ និងនៅតាមផ្សារទំនើបផងដែរ ។

ក្រសួងសុខាភិបាលជប៉ុន បានបញ្ជាក់ថា ខ្លួនគ្រោងនឹងទទួលបានម៉ាស៊ីនតឹកកកចំនួន ១០.៥០០គ្រឿង ដែលអាចរក្សា វ៉ាក់សាំង និងអនុញ្ញាតឱ្យចែកចាយដល់ទូទាំងប្រទេស ។

ប្រទេសជប៉ុន បានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ប្រជាជនទាំងមូល ដោយធ្វើកិច្ចព្រមព្រៀងជាមួយ អ្នកផលិតឳសថឈ្មោះ Pfizer, Moderna និង AstraZeneca Plc គិតជាទឹកប្រាក់ចំនួន ៦៧១,៤ពាន់លានយ៉េន ស្មើនឹង ៦,៤២ពាន់លានដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top