ភ្នំពេញ៖ ប្រទេសអង់គ្លេស បានសម្រេចមិនបន្តអនុវត្តការព្យួរផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA)មកលើកម្ពុជានោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ ព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយ ពាណិជ្ជកម្មឯករាជ្យ។
រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេស បានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែក នៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេស បានមើលឃើញពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលក្នុងនោះរួមមាន ទាំងកម្មកររោងចក្រផងដែរ។
លោកស្រីឯកអគ្គរាជទូត បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្ត របស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជាហើយថា ការសំរេចចិត្តនេះ គឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជា នៅពេលដែលពួកគេ កំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេស ទាំងលើវិស័យទ្វេភាគី និងពហុភាគី៕