ព័ត៌មានជាតិ

លោក កឹម សុខាជួបទូតអូស្ត្រាលី ពិភាក្សាពីសិទ្ធិមនុស្ស និងវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ លោក កឹម សុខា នៅរសៀលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជានៅគេហដ្ឋាន លោកទូតផ្ទាល់ ក្នុងទីក្រុងភ្នំពេញ។

ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ ភាគីទាំងក៏បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ នេះបើយោងតាមហ្វេសប៊ុករបស់លោកផ្ទាល់។

ប៉ុន្តែទោះបីជាយ៉ាងណាលោក កឹម សុខា មិនបានបកស្រាយថា ពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ចឲ្យបានក្បោះក្បាយទេ។

ជាមួយគ្នានេះដែរ ក៏បានពិភាក្សាផ្តោតលើ បញ្ហាវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ។ បើតាមលោកកឹម សុខា ដោយសារកន្លងទៅថ្មីៗនេះ លោកបានសរសេរលិខិត ផ្ញើទៅរដ្ឋាភិបាលនៃប្រទេសខ្លះ និងជួបផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតតំណាង ប្រទេសមួយចំនួន ដើម្បីស្នើសុំឲ្យប្រទេស អ្នកមានធនធានច្រើនទាំងនោះ ជួយផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ ។

លោកថា តាមរយៈជំនួបការទូតទាំងនេះ លោកក៏បាន ដឹងពីប្រទេសមួយចំនួន មានគម្រោងជួយដល់ប្រជាពលរដ្ឋខ្មែរតាមរយៈស្ថាប័នអន្តរជាតិពហុភាគី និងខ្លះទៀតអនុវត្តតាមកម្មវិធីជំនួយ បច្ចេកទេសខាង សុខាភិបាលនៅប្រទេសកម្ពុជា ដូចជាប្រទេសអូស្រ្តាលីជាដើម។

លោក កឹម សុខាបន្តថា នៅសប្តាហ៍ក្រោយលោកនឹងមានកម្មវិធី ជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតមួយចំនួនទៀតផងដែរ៕

To Top