ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន បង្ហាញឆន្ទៈ ក្នុងការធ្វើទស្សនកិច្ច នៅអាមេរិក ដើម្បីជួបពិភាក្សា ជាមួយលោក ចូ បៃដិន នៅខែកុម្ភៈ

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកមានគោលបំណងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក នៅខែកុម្ភៈ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តី បានបន្ថែមថាដំណើរទស្សនកិច្ចនេះ នឹងអាស្រ័យលើស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ហាញថា លោកនឹងបន្តធ្វើសេចក្តីលម្អិតនៃដំណើរទស្សនកិច្ចនេះខណៈកំពុងតាមដានស្ថានការណ៍។

លោកនាយករដ្ឋមន្រ្តី ដែលបានឡើងកាន់តំណែងកាលពីខែកញ្ញា បានបង្ហាញឆន្ទៈក្នុងការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោក ចូ បៃដិន បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា។

ដោយត្រូវបានសួរនៅក្នុងកម្មវិធីទូរទស្សន៍អំពីការរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជាតិ លោកនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា “ខ្ញុំចង់សម្រេចនូវអ្វីដែលខ្ញុំបានសន្យា” ដោយរក្សាជំហរប្រុងប្រយ័ត្ន ចំពោះការបោះឆ្នោត៕
ដោយ ឈូក បូរ៉ា

To Top