ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល ប្រាសាទដំរីក្រាប នៅលើខ្នងភ្នំគូលែន

ភ្នំពេញ ៖ នាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែន ដោយប្រាសាទ នេះមានខឿនពុកផុយ និងស្រុតផ្នែកខាងលិច រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃ ទី ២៤ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា ការខូចខាតទាំងនេះ បណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បង ដូចជា៖ មានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទ ហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ ។

បន្ថែមពីនេះទៀត ក្នុងការងារជួសជុល ក្រុមការងារបានពង្រឹងខឿន ដែលពុកផុយនៅជ្រុងទាំង៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើ ដែលដុះលើជញ្ជាំងនិងដំបូលប្រាសាទ ដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។

បន្ថែមពីនោះ ក៏ជួសជុលពង្រឹងដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រ ចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខ បិទផ្ជឹតជញ្ជាំងប្រេះហែក ពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើត និងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូរដោះទឹកភ្លៀង៕

To Top