ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងការរីករាល ដាលជំងឺកូវីដ-១៩ ដូច្នេះ មិនធ្វើពិធីបុណ្យគ្រីស្ទបរិស័ទ ឲ្យបានអធិកអធ័ម ប៉ុន្តែធ្វើជាលក្ខណៈគ្រួសារនៅតាម គេហដ្ឋានរៀងៗខ្លួន ដោយការប្រុងប្រយ័ត្ន។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងថា «ថ្ងៃទី២៥ ខែធ្នូ នេះ ជាថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) ដែលជាបុណ្យដ៏សំខាន់ របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិត ក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺ ឆ្លងកូវីដ-១៩ ដូច្នេះ ហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះ ឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជា លក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់»។
ជាងនេះទៅទៀត សម្ដេចតេជោ ជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ អំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារ កុំឲ្យឆ្លងកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៣នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៣៥៤នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ចំនួន៩នាក់៕