ភ្នំពេញ ៖ ក្រសួងការបរទេសចិន បានផ្ដល់ជំនួយឧបករណ៍សម្ភារៈការិយាល័យ ដែលមានទឹកប្រាក់ ចំនួន២លានយ័ន ស្មើនឹង៣០៦៣៥៩ដុល្លារ ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ការងារខាងគណៈកម្មាការ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធឡើង។
ក្នុងពិធីប្រគល់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា បានលើកឡើងថា «ក្នុងនាមគណៈកម្មាធិការកម្ពុជា ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួ លអន្តររដ្ឋាភិបាល កម្ពុជា-ចិន ក្នុងឱកាសពិធីប្រគល់អំណោយ សម្ភារការិយាល័យយ៉ាងច្រើន ដែលជាអំណោយ របស់ក្រសួងការរបរទេសចិនដែលមានតម្លៃ ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសា ស្រ្តគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងចិន ព្រមទាំង ផែនការសកម្មភាព៥ឆ្នាំ ដើម្បីបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោកបន្ដថា ជំនួយឧបត្ថម្ភនឹងជួយសម្រួលដល់ការ ងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួង ចំនួន១៧ជាសមាជិក ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ដើម្បីអនុវត្តឲ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការស ម្រប សម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមក ជាពិសេសបញ្ជីការងារបន្ទាន់ ដែលត្រូវធ្វើឲ្យ សម្រេច។
លោករំលឹកថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជាអធិបតីភាពជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន(CCFTA) ដែលបាននាំឲ្យពាណិជ្ជកម្មរវាង កម្ពុជា និងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលបានគ្រោងទុក ជាពិសេស ការនាំចេញកសិផលកម្ពុជាឲ្យបានច្រើនថែមទៀតទៅប្រទេសចិន។
លោកអំណរគុណចំពោះ លោក វ៉ាង យី និងក្រសួងការបរទេសចិន ដែលបានផ្ដល់នូវសំភារៈការិយាល័យអេឡិចត្រូនិច ជាច្រើនទាំងនេះ ដើម្បីសម្រួលការងារគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា៕