ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្តទៅដល់ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យចូលរួមយ៉ាងផុលផុស ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឲ្យអនុវត្ត «វិធានសុវត្ថិភាពទេសចរណ៍» ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីលើកទឹក ចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ) ដែល បានចូលរួមយ៉ាងផុលផុសក្នុងការចុះ ផ្សព្វផ្សាយ និងណែនាំឱ្យអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ក្រសួងនិងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវ «ចលនាប្រឡងប្រណាំងការ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ» ក្នុងចលនាប្រឡងប្រណាំង ដែលបែងចែកជា ២ប្រភេទ រួមមាន៖ ទី១-ជ័យលាភី «ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង» ដែលនឹងប្រគល់ជ័យលាភីរដ្ឋបាលរាជធានី-ខេត្ត និងទី២-ជ័យលាភី «ការកោតសរសើរចំពោះស្នាដៃអនុវត្ត» ដែលនឹងប្រគល់ជ័យលាភីជូនរដ្ឋបាលក្រុង-ខណ្ឌ។
សូមបញ្ជាក់ផងដែរថា វិធានសុវត្ថិភាពទេសចរណ៍ ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងជួយដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការឲ្យចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា៕