បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Anutin Charnvirakul ថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ បានឱ្យលោកពិភាក្សា អំពីលទ្ធកម្មជាមួយអ្នកផលិតទាំងអស់ ដែលបានបង្កើតវ៉ាក់សាំងរបស់ពួកគេ។
លោក Anutin បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា “ កិច្ចខិតខំប្រឹងប្រែង និងការចរចាជាមួយ អ្នកផលិតវ៉ាក់សាំងមានន័យថា នៅចន្លោះខែកុម្ភៈ និងខែមេសាឆ្នាំ២០២១ យ៉ាងហោចណាស់វ៉ាក់សាំង ចំនួន ២ លានដូស នឹងត្រូវបញ្ជូនមកប្រទេសថៃ” ។
លោក Anutin បាននិយាយថា ការរៀបចំនឹងត្រូវបានធ្វើឡើង ដើម្បីធានាថាវ៉ាក់សាំងនេះ ត្រូវបានចែកចាយទៅមនុស្ស ដែលមានហានិភ័យ។ រដ្ឋាភិបាលថៃ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមុន ជាមួយក្រុមហ៊ុន AstraZeneca សម្រាប់ការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំង ការពារវីរុសកូវីដ១៩ របស់ខ្លួន ប៉ុន្តែការផ្គត់ផ្គង់ មិនត្រូវបានរំពឹងទុកមុន ខែឧសភាទេ៕ ប្រែសម្រួលៈ ណៃ តុលា