ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថា យោងតាមតួលេខផ្លូវការ បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋបន្ថែមទៀត ចំនួន៥៥.៨៩២នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តរកឃើញ លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ដែលនាំឲ្យចំនួន នៃអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណា បានកើនឡើងខ្លាំងប្រចាំថ្ងៃ ចាប់តាំងពីជំងឺឆ្លងរាតត្បាត បានកើតឡើងនៅក្នុងប្រទេស ។
ទិន្នន័យបានបង្ហាញថា សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ មានចំនួន២.៤៨៨.៧៨០នាក់ ។
ជាថ្ងៃទី៣ហើយ ដែលបង្ហាញនៅលើតារាងនៅគ្រា ដែលមានអ្នកឆ្លងជំងឺលើសពី ៥០.០០០នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងនៅក្នុងប្រទេស ។
ទិន្នន័យបានបង្ហាញទៀតថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៩៦៤នាក់ ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស កើនឡើងដល់៧៣.៥១២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា