ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពទាំងអស់ បញ្ជូនមន្ត្រីរបស់ខ្លួន ចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ១៩ ផ្ទុះក្នុងសហគមន៍ ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល មកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០មករានេះ លោកអភិបាលខេត្ត គួច ចំរើន មានប្រសាសន៍ថា រដ្ឋបាលខេត្តមានគម្រោងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមណ្ឌលសុខភាព ដើម្បីកែលម្អសោភ័ណភាព បរិស្ថាននៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តព្រះសីហនុ និងត្រូវសាងសង់មណ្ឌលសុខភាពណា ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ មកទទួលសេវានៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះពួកគាត់ ដើម្បីភាពងាយស្រួល ។
លោក គួច ចំរើន បន្តថា យើងបានសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្រ្ដ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រេចបាន ៩០ភាគរយ សម្រាប់ធ្វើការវិភាគសំណាក រកមេរោគកូវីដ-១៩ និងប្រភេទជំងឺឆ្លងផ្សេងៗទៀត ដែលកន្លងមក យើងយកសំណាកភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានការសង្ស័យមានជំងឺកូវីដ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ វាជួបហានីភ័យច្រើន និងមានការយឺតយ៉ាវ ។ នៅពេលមន្ទីរពិសោធន៍ របស់យើងសាងសង់ និងបំពាក់ឧបករណ៍រួចរាល់ នឹងមានភាពងាយស្រួល ក្នុងការវិភាគរកមេរោគកូវីដ-១៩នៅទីនេះ ។
លោកអភិបាលខេត្ត បញ្ជាក់ថា យើងមានថវិកាមួយចំនួនបំរើឲ្យ វិស័យសុខាភិបាល នៅខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើងថែមទៀត ជំហានដំបូងយើង រៀបចំសាងសង់របង នៅតាមមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពជូន ក្រុមគ្រូពេទ្យរបស់យើង និងបង្កើនសោភ័ណភាព បរិស្ថាន និងជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានជំរុញឱ្យក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពទាំងអស់ បញ្ជូនមន្ត្រីរបស់ខ្លួន ចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ-១៩ ផ្ទុះក្នុងសហគមន៍ យើងមានមន្ត្រីសុខាភិបាល ដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ក្នុងការចូលរួមបំពេញការងារបានល្អ ធានាបាននូវភាពម្ចាស់ការ ក្នុងការយកសំណាក និងព្យាបាលបានទាន់ពេលវេលា ព្រោះជំងឺកូវីដនៅតែជាប្រធានបទក្តៅ មិនទាន់មានប្រទេសណាមួយធានាថា មិនមានការឆ្លងជំងឺនេះនៅឡើយ មានតែត្រៀមបង្ការ កុំឱ្យឆ្លងចូលសហគមន៍ របស់ពួកគេតែប៉ុណ្ណោះ ខេត្តព្រះសីហនុរបស់យើង ក៏ត្រូវត្រៀមបង្ការទុកជាមុន ៕