ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ ចំពោះគម្រោង វិនិយោគថ្មី បន្ថែមទៀតពីប្រទេសចិន ខណៈកម្ពុជានៅ មានសក្តានុពល និងកាលានុវត្តភាពជាច្រើនទៀត ក្នុងការវិនិយោគ ។នេះបើយោងតាម AKP ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Lyu Xinhua ប្រធានក្រុមប្រឹក្សាជំរុញកិច្ច សហប្រតិបត្តិការត្បូងនៃប្រទេសចិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ប្រាប់ភាគីចិនថា ដើម្បីទាក់ទាញ និងជំរុញ ការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង ខិតខំធ្វើ កំណែទម្រង់លើគ្រប់វិស័យទាំង ក្នុងក្របខណ្ឌគោល នយោបាយ គតិយុត្ត និងបច្ចេកទេស។
ទន្ទឹមនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយភាគីចិន នាពេលខាងមុខភាគី ទាំងពីរ នឹងរួមគ្នា រៀបចំវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា -ចិន និងបង្កើតយន្តការ សម្របសម្រួល មួយដើម្បីជំរុញ និងទាក់ទាញការវិនិយោគ។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា គម្រោងវិនិយោគ ពីចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការអភិវឌ្ឍនិង រួមចំណែកជួយកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ។
ក្នុងឱកាសនោះដែរលោក Lyu Xinhua បានជម្រាបលោក ឧបនាយករដ្ឋមន្ត្រីថា ក្រុមមានក្រុមហ៊ុនចិន រាប់ពាន់បានមក ដាក់ទុនវិនិយោគនៅកម្ពុជា ដែលមានគម្រោង គ្របដណ្តប់ ស្ទើរតែលើគ្រប់វិស័យ ហើយក៏មានក្រុមហ៊ុនចិន ជាច្រើនទៀត ក៏មានចំណាប់អារម្មណ៍មក វិនិយោគនៅកម្ពុជាដែរ៕