យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីព្រឹកថ្ងៃពុធ នេះ កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF) បានបើកការវាយប្រហារតាមដែនអាកាស មកលើតំបន់ហ្គាហ្សាស្ទ្រីប ដែលនេះជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ចេញពីទឹកដីប៉ាឡេស្ទីន កាលពីល្ងាចម្សិលមិញ ។ IDF បានឲ្យដឹងដូច្នេះនៅក្នុង សេចក្តីថ្លែងការណ៍មួយ ។
IDF បានឲ្យដឹងថា យន្តហោះប្រតិកម្មជាច្រើនគ្រឿង បានវាយប្រហារទៅលើគោលដៅជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងទីតាំងរោងកច្រផលិតអាវុធ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅ តំបន់ភាគខាងជើងហ្គាហ្សា ដែលជាកម្មសិទ្ធិរបស់ក្រុមយោធាប៉ាឡេស្ទីន ហាម៉ាស់ ។ មិនទាន់មានសេចក្តីរាយការណ៍ ណាមួយភ្លាមៗអំពីអ្នក រងរបួសនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា