ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័ត លើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ កិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាតាមសំណើ របស់រាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់នេះមាន៦ ជំពូក និង១៨មាត្រា រៀបចំឡើងក្នុងបរិការណ៍ ដែលពិភពលោក ក៍ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ កាន់តែខ្លាំង ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ ដោយបានបង្ក ឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតី របស់មនុស្សជាតិ។
សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀតនៅកម្ពុជា៕