ភ្នំពេញ ៖ ទោះបីជាកម្ពុជា ទទួលជោគជ័យយ៉ាង ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរបេងក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឲ្យខិតខំបន្ថែមទៀត ព្រោះកម្ពុជាមានអត្រាឈឺ និងស្លាប់ ដោយជំងឺរបេង ខ្ពស់នៅឡើយ បើធៀបនឹង បណ្តាប្រទេសមួយចំនួន ខណៈប្រជាពលរដ្ឋជាច្រើន ពុំទាន់ទទួលសេវា ។
តាមរយៈសារលិខិត របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់មេរោគរបេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាសម្រេចសមិទ្ធផល គួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈកាលពី២០ឆ្នាំមុន កម្ពុជាស្ថិតក្នុងចំណោមប្រទេស មានអត្រាអ្នកកើតជំងឺ របេងខ្ពស់ជាងគេ ក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជា ក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការងារ កំចាត់ជំងឺរបេងយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោបន្ដថា លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិកម្ពុជា ក្នុនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដុតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរ នៅទូទាំងប្រទេស ។
សម្ដេចតេជោមានប្រសាសន៍ថា «យើងក៏បាន ធ្វើការស្រាវជ្រាវ និងការព្យាបាលជំងឺរបេង ជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើន គួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺ និង ស្លាប់ដោយសារជំងឺរបេង ក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែង អត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោម ប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម១៧ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ ក្នុងឆ្នាំ ២០១៩ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៦០%» ។
សម្ដេចតេជោបន្ដថា រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់២៨៧ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០១៩ ដែលស្មើនឹង ៥០% ។ កម្ពុជាបានសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធ នឹងអត្រាឈឺនឹងស្លាប់ដោយសារជំងឺ របេងនេះរួច ហើយនៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់ជំងឺរបេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។
សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ប្រទេសកម្ពុជា យើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺ របេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើន នៅឡើយ ដែលនៅពុំទាន់បានទទួលសេវា ។ បញ្ហានេះតម្រូវឲ្យយើង ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់ តែច្រើនថែមទៀត អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព នៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក» ៕