បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ កងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសចិន បានបញ្ជាក់ថាក្រុមនាវាផ្ទុកយន្តហោះចម្បាំងមួយក្រុម របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅក្បែរកោះតៃវ៉ាន់នោះនឹងបន្តធ្វើបែបនេះជាញឹក ញាប់បន្ថែមទៀតជាលក្ខណៈសមយុទ្ធយោធា ក្នុងពេលដែលភាពតានតឹង រវាងភាគីទាំងពីរហាក់ដូចជា មិនទាន់មាន ភាពធូរស្រាលនៅឡើយ។
ប៉ុន្មានខែចុងក្រោយនេះកោះតៃវ៉ាន់ បានធ្វើការរិះគន់ ជាច្រើនមែនទែនចំពោះ វត្តមាននិងសកម្មភាពយោធារបស់ចិន នៅក្បែរដែនកោះរបស់ខ្លួនទោះបី ជាបានដឹងហើយថាចិនមិនដែលបោះបង់ចោលនូវគំនិត ចង់ក្តោបក្តាប់ មកលើទឹកដី កោះតៃវ៉ាន់នោះឡើយ។
ជាការឆ្លើយតបកងកម្លាំងកងទ័ពជើងទឹកចិន បាននិយាយថា ក្រុមនាវាចម្បាំងរបស់ខ្លួនដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត របស់ចិន Liaoning នឹងបន្តធ្វើប្រតិបត្តិការយោធារបស់ខ្លួនបែបនេះ រហូតបន្ថែម ទៀតនាពេលខាងមុខក្បែរដែនកោះតៃវ៉ាន់ ហើយក្នុងគោលបំនងសំខាន់ ដើម្បីពង្រឹងសមត្ថភាពការពារដែនដីរបស់ខ្លួន និងក៏ដើម្បីប្រយោជន៍របស់ជាតិផងដែរ៕
ប្រែសម្រួល៖ស៊ុនលី