ព័ត៌មានជាតិ

កម្ពុជា បណ្ដេញជនបរទេសខុសច្បាប់ ៥៤០នាក់ ចេញពីប្រទេស

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៥៤០នាក់ មាន ២២សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសខុសច្បាប់ជាបន្តបន្ទាប់។ ជនបរទេសទាំង ២២សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, វៀតណាម, ចិន,…

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៥៤០នាក់ មាន ២២សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសខុសច្បាប់ជាបន្តបន្ទាប់។

ជនបរទេសទាំង ២២សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, វៀតណាម, ចិន, ហ្វីលីពីន, ថៃ, ប៉ាគីស្ថាន, នីហ្សេរីយ៉ា, បង់ក្លាដេស, កូរ៉េ, កាមេរូន, ចិនតៃវ៉ាន់, យ៉ូហ្គង់ដា, រុស្ស៊ី, អង់គ្លេស, ម៉ាឡេស៊ី, លីប៊េរីយ៉ា, សេរ៉ាឡេអូន, ឡាវ, ឥណ្ឌា, កាហ្សាក់ស្ថាន, ហ្គាណា, អ៊ូបេគីស្ថាន។

ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្ដេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

To Top