ភ្នំពេញ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតងឆ្នាំ២០២៦» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសារព័ត៌មានត្នោតញូស ដើម្បីលើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាទេសចរណ៍ និងសាធារណជនទូទៅឲ្យចូលរួមបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈស្នាដៃផលិតវីដេអូប្រកបដោយគំនិតច្នៃប្រឌិត។
តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បានបើកឱកាសដល់បេក្ខជនចំនួន ៨៣រូប ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទៅកាន់សាធារណជន និងពិភពលោក។ ជាមួយគ្នានេះ កម្មវិធីក៏បានផ្តល់ការទទួលស្គាល់ដល់ជ័យលាភីចំនួន ១០រូប តាមរយៈពានរង្វាន់ក្នុងប្រភេទផ្សេងៗ ដោយឆ្លុះបញ្ចាំងពីសមត្ថភាព និងការចូលរួមចំណែករបស់អ្នកផលិតមាតិកាក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
យុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង» ត្រូវបានដាក់ឲ្យអនុវត្តជាសាកល្បងតាំងពីឆ្នាំ២០២៥ និងបន្តអនុវត្តសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយមានគោលដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយភ្ញៀវទេសចរឱ្យបានទូលំទូលាយ ជាពិសេសក្នុងរដូវកាលបៃតងចាប់ពីខែឧសភា ដល់ខែតុលា ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ពេញមួយឆ្នាំ ព្រមទាំងប្រែក្លាយ «រដូវកាលបៃតង» ទៅជា «ឱកាសមាសបៃតង» ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន៕


